ក្រុមហ៊ុនបរទេសធំមួយ នឹងបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ
អាជីវកម្ម January 16, 2024 Khmernote

ក្រុមហ៊ុនបរទេសធំមួយឈ្មោះថា Puy Du Fou Asia នឹងចាប់ផ្ដើមបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។

កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou Asia ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Puy Du Fou Asia នៅក្នុងប្រទេសកម្ពុជា និងជម្រាបអំពីគម្រោង “Immersive Angkor” ដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា ។ គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។

ជាការឆ្លើយតប សម្តេចធិបតី បានបង្ហាញនូវការគាំទ្រ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor”នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និង អាចផ្តល់នូវភាពងាយស្រួល សម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ ខ្មែរ ផងដែរ ៕

អត្ថបទ៖ លីនី