ក្រសួងពាណិជ្ជកម្ម ផ្ដល់ការលើកទឹកចិត្ត ២ចំណុចធំៗ សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ដរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ
អាជីវកម្ម November 23, 2023 Khmernote

ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីយន្ដការលើកទឹកចិត្ដនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ដរបស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

តាមការបញ្ជាក់ពីសេចក្ដីជូនដំណឹង ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូន លោក-លោកស្រី ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មេត្តាជ្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» និងយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាកម្មវិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចផ្ដល់ការលើកទឹកចិត្តទៅដល់ លោក-លោកស្រី ដែលមានបំណងចុះបញ្ជីប្រកបអាជីវកម្មជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីអាចទទួលបានការគាំទ្រ នានាពីរាជរដ្ឋាភិបាលដូចជា៖

១. ការលើកលែងកាតព្វកិច្ចអនុលោមភាព និង
២. ការលើកលែងការផាកពិន័យនានា សម្រាប់អាជីវកម្មដែលបានដំណើរការ និងមិនបានចុះបញ្ជីត្រឹមត្រូវ

សម្រាប់ព័ត៌មានលម្អិតសម្រាប់ការដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ លោក-លោកស្រី អាចចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh (ដូចមានជូនភ្ជាប់ QR កូដខាងក្រោម) ឬ អាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ ឬ ០៨៨ ៦០៨៣ ០៨២៕

អត្ថបទ៖​ លីនី