ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយនៅវៀតណាម សម្រេចផ្អាកការងារបុគ្គលិកស្ទើរទាំងអស់ជាបណ្ដោះអាសន្ន ដោយសារមិនមានប្រាក់បើកប្រាក់ខែឱ្យបុគ្គលិក និងជាប់បំណុលពន្ធធ្ងន់ធ្ងរ
អចលនទ្រព្យ November 20, 2023 Khmernote

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំមួយ នៅវៀតណាមឈ្មោះថា HDTC បានសម្រេចឱ្យបុគ្គលិករបស់ខ្លួនស្ទើរតែទាំងអស់ផ្អាកការងារបណ្ដោះអាសន្នដោយមិនមានប្រាក់ឈ្នួលចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

លោក Dinh Chi Minh នាយកប្រតិបត្តិក្រុមហ៊ុនខាងលើបានបញ្ជាក់ថា ក្រុមហ៊ុនសម្រេចចិត្តបែបនេះ ដោយសារតែក្រុមហ៊ុនជួបប្រទះបញ្ហាហិរញ្ញវត្ថុ ពោលគឺក្រុមហ៊ុនអស់ថវិកាហើយ និងមិនមានប្រាក់ដើម្បីបើកឱ្យបុគ្គលិក និងអ្នកដឹកនាំក្រុមហ៊ុនឡើយ ខណៈក្រុមហ៊ុន​នេះ​មានបុគ្គលិកប្រហែល ១ពាន់​នាក់។

គួរម្លឹកថា HDTC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមានបទពិសោធន៍ ៣៥ឆ្នាំនៅក្នុងឧស្សាហកម្មនេះ បានកំណត់គោលដៅរកប្រាក់ចំណូល ១ពាន់ពាន់លានដុង ប្រាក់ចំណេញ ២០០ពាន់លានដុង និងសមាមាត្រនៃភាគលាភ ៧% នៅឆ្នាំ ២០២៣ នេះ ប៉ុន្តែ​ក្រុមហ៊ុន​បាន​បរាជ័យ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ទាំង​នោះ ហើយបច្ចុប្បន្នក្រុមហ៊ុនក៏ជំពាក់បំណុលពន្ធចំនួន ៧៥៥ពាន់លានដុងនៅខែសីហា រហូតត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជីក្រុមហ៊ុនរបស់នាយកដ្ឋានពន្ធដារនៃទីក្រុងហូជីមិញ ថាជាក្រុមហ៊ុនដែលមានបំណុលពន្ធធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងនេះក្ដី មិនមែនមានតែ HDTC ទេ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗផ្សេងទៀតដូចជា Dat Xanh Corporation, Phat Dat Corporation និង Novaland Group សុទ្ធតែបានអនុវត្តការបញ្ឈប់ការងារបុគ្គលិកយ៉ាងច្រើននាពេលថ្មីៗនេះ។ បើតាមទិន្នន័យពីការិយាល័យស្ថិតិទូទៅនៃប្រទេសវៀតណាមបង្ហាញថា គិតត្រឹមខែតុលា ក្រុមហ៊ុនចំនួន ១,០៦៧ នៅទូទាំងប្រទេសបានរំលាយនៅឆ្នាំនេះ កើនឡើង ៩.៥% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេលដូចគ្នានេះ មានតែក្រុមហ៊ុនថ្មីចំនួន ៣,៨៥០ ត្រូវបានបង្កើតឡើង ដែលធ្លាក់ចុះ ៥០.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបញ្ឈប់គម្រោងថ្មីទាំងអស់ បញ្ឈប់ការចេញភាគហ៊ុនថ្មី និងកាត់បន្ថយយ៉ាងហោចណាស់ ៥០% នៃកម្លាំងពលកម្មរបស់ពួកគេ។ ជាមួយគ្នានេះ អ្នកជំនាញទីផ្សារអចលនទ្រព្យបានប៉ាន់ស្មានថា ពីចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ក្រុមហ៊ុនជាច្រើនទៀតនឹងចាកចេញពីឧស្សាហកម្មនេះមិនអាចទប់ទល់នឹងព្យុះភ្លៀងទីផ្សារនាពេលបច្ចុប្បន្នបានទេ៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress