ប្រតិភូមកពីក្រុមហ៊ុនចិនធំមួយ ចុះមកសិក្សារកឱកាសវិនិយោគលើវិស័យនានានៅកម្ពុជា ជាពិសេសលើការបង្កើតសួនឧស្សាហកម្ម ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត
អាជីវកម្ម November 8, 2023 Khmernote

កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China MCC22 Group Corporation Ltd ដឹកនាំដោយលោក Guo KongSong អ្នកគ្រប់គ្រងទូទៅនៃនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ក្រុមហ៊ុន។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យក្រុមហ៊ុនអាចជជែកស្វែងយល់បន្ថែមអំពីឱកាសវិនិយោគលើវិស័យនានាក្នុងប្រទេសកម្ពុជា ដែលស្របតាមមុខសញ្ញាវិនិយោគរបស់ខ្លួនដូចជាការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធចម្រោះទឹកកខ្វក់ ផ្លូវល្បឿនលឿន រោងចក្ររ៉ែ ការបង្កើតសួនឧស្សាហកម្ម អចនលទ្រព្យ និងរោងចក្រផលិតគ្រឿងសម្ភារសំណង់ជាដើម។

ក្នុងជំនួបនេះដែរ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ចូលមកសិក្សានិងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា មានគោលជំហរបើកចំហរទៅគ្រប់វិនិយោគិនលើគ្រប់វិស័យ ដែលក្នុងនោះក៏មានវិស័យមួយចំនួនទទួលបានការលើកទឹកចិត្តឱ្យមានការវិនិយោគផងដែរ អាស្រ័យហេតុនេះ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការ ទទួលស្វាគមន៍ និងរងចាំសម្របសម្រួលកិច្ចការងាររបស់វិនិយោគិនជានិច្ច៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា