ក្រសួងទេសចរណ៍ អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ កុំដំឡើងថ្លៃសេវាកម្ម ឬ សម្រួលថ្លៃសេវាកម្ម ដល់ អនុរក្ស និងសិស្សានុសិស្សក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២៣
អាជីវកម្ម November 3, 2023 Khmernote

ក្រសួងទេសចរណ៍ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញសេចក្ដីអំពាវនាវចំពោះប្រតិបត្តិករទេសចរណ៍ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ កុំដំឡើងថ្លៃសេវាកម្ម ឬ សម្រួលថ្លៃសេវាកម្ម ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ អនុរក្ស និងសិស្សានុសិស្សក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០២៣។

ក្រសួងទេសចរណ៍ សូមជម្រាបជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ដែលជាម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នៅតាមរាជធានី-ខេត្តឱ្យបានជ្រាបថា នៅថ្ងៃចន្ទ-អង្គារ ៨-៩រោច ខែអស្សុជ ឆ្នាំថោះ បព្វាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំង ប្រទេស។ ក្នុងកំឡុងពេលនេះ អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់បម្លាស់ទីមកទីរួមខេត្ត ឬតាម ទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន។

ដូចនេះក្រសួងទេសចរណ៍ សូមអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬអ្នកគ្រប់ គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ជាពិសេសចំពោះអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សៅវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរមេត្តាបង្កលក្ខណៈងាយស្រួល កុំដំឡើងថ្លៃសេវាកម្ម ឬ សម្រួលថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់ ឬ អ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្តី អំពាវនាវខាងលើឱ្យបានល្អ និងប្រកបដោយការទទួលខុសត្រូវខ្ពស់៕

ប្រភព៖ ក្រសួងទេសចរណ៍