លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ (Minebea) បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាឆ្មបដែលបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។ លោកអគ្គនាយកក្រុមហ៊ុន បានលើកឡើងបែបនេះ នៅក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរូបលោកជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។

នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។ សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ មានប្រសាសន៍ថ្លែង នូវការគោរពកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ពិសេសទៅទៀតនោះ សម្តេចផ្ទាល់ គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។
លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើនដើម្បីបម្រើឲ្យសក្តានុពលវិនិយោគនៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុនដែលត្រូវបានផលិតជាលើកដំបូងនៅកម្ពុជា ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។ ទន្ទឹមនឹងនេះ លោកអគ្គនាយក ក៏បានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ៕
អត្ថបទ៖ លីនី