ដំណឹងល្អ! ក្រុមហ៊ុនជប៉ុនឈានមុខគេមួយនៅលើពិភពលោក ផ្នែកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត ដែលបើករោងចក្រនៅខ្មែរតាំងពីឆ្នាំ២០១៣ ត្រៀមពង្រីករោងចក្រហើយរើសបុគ្គលិកបន្ថែមនាពេលឆាប់ៗខាងមុខនេះ
អាជីវកម្ម September 26, 2023 Khmernote

លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន ដេនសូ (Denso) ដែលជាក្រុមហ៊ុនជប៉ុនឈានមុខគេមួយនៅលើពិភពលោក ផ្នែកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត និងបានបើករោងចក្រនៅកម្ពុជាតាំងពីឆ្នាំ២០១៣ លើកឡើងថា ក្រុមហ៊ុននឹងពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ហើយនឹងបង្កើនការងារដល់ប្រមាណ ១០០០នាក់។

លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី បានការលើកឡើងបែបនេះនៅក្នុងជំនួបជួបពិភាក្សាការងារជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។

នៅក្នុងជំនួបនោះ លោក ម៉ាសាអូ ស៊ីអេម៉ាស៊ី បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការថា ចាប់តាំងពីបើករោងចក្រនៅក្នុងតំបន់សេចដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន មានកម្មករប្រមាណ ៦០០នាក់ បាននិងកំពុងបម្រើការនៅរោងចក្រ ដេនសូ ហើយក្រុមហ៊ុននឹងមានគម្រោងបង្កើតឱកាសការងារបន្ថែមទៀតក្នុងរយៈពេលខ្លីខាងមុខ ដែលអាចរំពឹងទុកថា នឹងកើនដល់ប្រមាណ ១០០០នាក់ ជាមួយ ផលិតផលរបស់ខ្លួន ចំនួន ៥មុខដូចជា ១- ម៉ាញ៉េតូ (Magneto) ២- ឧបករណ៍សម្រាប់បន្ថយកំដៅក្នុងម៉ាស៊ីនឡាន (Tube/Inner Fin_for_Inter Cooler) ៣- ឧបករណ៍វាស់កម្រិតទឹកនៅក្នុងម៉ាស៊ីនឡានម៉ាស៊ូត (Level Switch for Diesel filter) ៤- ឧបករណ៍បញ្ចុះកំដៅប្រេងនៅក្នុងម៉ាស៊ីន (SUS Oil Cooler) និងទី៥- កញ្ច្រែងទឹកក្តៅ (ចាប់ពីឆ្នាំ២០២២) (Radiator)។

តំណាងក្រុមហ៊ុនរូបនេះ ក៍បានគូសបញ្ជាក់បន្ថែមថា ក្រោមកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សដែល មានឈ្មោះថា DENSO in Industrial Talent Development ចាប់ពីឆ្នាំ២០១៦-២០២២ ក្រុមហ៊ុនបាន បណ្តុះបណ្តាលធនធានមនុស្សប្រមាណ ២២០នាក់ ហើយក្រុមហ៊ុននឹងមានគម្រោងធ្វើការបណ្តុះបណ្តាល ប្រមាណ ៦០នាក់បន្ថែមទៀតក្នុងឆ្នាំ២០២៣ និង៧០នាក់នៅឆ្នាំ២០២៤។

សូមជម្រាបថា ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងគាំទ្រដល់ក្រុមហ៊ុនជប៉ុនធំ មួយនេះ ដែលមានសកម្មភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ២០១៣។ ហើយឯកឧត្តមអគ្គលេខាធិការ ក៏បានសម្តែងនូវការអបអរសាទរចំពោះការរីកចំរើនរបស់ក្រុហ៊ុនដែលឈានទៅដល់គម្រោងពង្រីករោងចក្រ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាដើម្បីបង្កើនផលិតភាព របស់ក្រុមហ៊ុន៕

អត្ថបទ៖ លីនី