អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលផុតកំណត់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣
អចលនទ្រព្យ September 26, 2023 Khmernote

អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ នេះបើយោងតាម សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣​ នេះ។

យោងតាមសេចក្ដីជូនដំណឹង ការពន្យារពេលនេះ គឺដោយសារអគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដូច្នេះ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយរួចផុតពីទណ្ឌកម្មរដ្ឋបាលដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។

អគ្គនាយកដ្ឋានពន្ធដារ ក៏សូមជម្រាបជូនដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនិងប្រកាសបង់ប្រាក់ពន្ធនៅឡើយ សូមអញ្ជើញទៅចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ ចំពោះម្ចាស់ អចលនទ្រព្យ ដែលបានចុះបញ្ជីនិងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ និងមានប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ មេត្តាអញ្ជើញមកប្រកាសបង់ប្រាក់ពន្ធឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ ឬ អាចបង់ប្រាក់ពន្ធតាម Online តាមរយៈកម្មវិធី “GDT Taxpayer App៕

អត្ថបទ៖ លីនី