ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta ចង់ផលិតឧបករណ៍សម្រាប់បច្ចេកវិទ្យា metaverse នៅវៀតណាម
អាជីវកម្ម September 22, 2023 Khmernote

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta ចង់ពង្រីកការវិនិយោគរបស់ខ្លួនក្នុងប្រទេសវៀតណាម រួមទាំងការផលិតឧបករណ៍សម្រាប់បច្ចេកវិទ្យា metaverse ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

លោក Joel Kaplan អនុប្រធានក្រុមហ៊ុន Meta បាននិយាយកាលពីថ្ងៃចន្ទថា ផលិតកម្មបានចាប់ផ្ដើមតាំងពី ៤ឆ្នាំមុន ប៉ុន្តែត្រូវផ្អាកដោយសារតែជំងឺរាតត្បាតកូវីដ-​១៩។ លោកបានបន្ថែមក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅទីស្នាក់ការកណ្តាលរបស់ Meta ក្នុងដំណើរបំពេញទស្សនកិច្ចការងាររបស់នាយករដ្ឋមន្ត្រីនៅសហរដ្ឋអាមេរិក ថា ឥឡូវនេះ ក្រុមហ៊ុនចង់បន្តផលិតឧបករណ៍សម្រាប់បច្ចេកវិទ្យា metaverse នៅក្នុងប្រទេសវៀតណាម។

ទន្ទឹមនឹងនេះដែរ លោកក៏បាន​បញ្ជាក់ផងដែរថា Meta មានដៃគូមួយចំនួននៅក្នុងប្រទេសវៀតណាម រួមទាំងដៃគូជាមួយមជ្ឈមណ្ឌលជាតិច្នៃប្រឌិតដើម្បីជំរុញការផ្លាស់ប្តូរឌីជីថល និងមួយទៀតជាមួយវិបផតថលរដ្ឋាភិបាលវៀតណាមដើម្បីធ្វើឱ្យទំព័រ Facebook របស់រដ្ឋាភិបាលវៀតណាម ក្លាយជាគេហទំព័ររដ្ឋាភិបាលជោគជ័យបំផុតនៅក្នុងតំបន់ដែលមានអ្នកតាមដាន ៤.២ លាននាក់។ លើសពីនេះ Meta នឹងបន្តគាំទ្រអាជីវកម្មខ្នាតតូច និងមធ្យមក្នុងប្រទេសវៀតណាម ដើម្បីទទួលបានអតិថិជនថ្មីៗ៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress