ធនាគារជាតិនៃកម្ពុជា នឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។
យោងតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារជាតិនៃកម្ពុជា ដែលបានផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ក្រោយពីការដាក់ឱ្យដេញថ្លៃលក់ប្រាក់ដុល្លារអាមេរិកចំនួន ៤លើក ក្នុងរយៈពេល ២សប្តាហ៍ ចុងក្រោយនេះ អត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិកបានធ្លាក់មកដល់កម្រិតសមស្របតាមស្ថានភាពទីផ្សារ។ ទន្ទឹមនេះ ដោយពិនិត្យឃើញពីការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើ ទីផ្សារអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននិងពេលខាងមុខ ធនាគារជាតិ នៃកម្ពុជានឹងបន្តគ្រប់គ្រងសម្ពាធលើអត្រាប្តូរប្រាក់បន្ថែមទៀត។
ក្នុងគោលដៅនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើអន្តរាគមន៍តាមការចាំបាច់ រហូតដល់អត្រាប្តូរប្រាក់ស្ថិតក្នុងកម្រិតមួយសមស្រប ដែលជួយពង្រឹងអំណាចទិញរបស់ប្រាក់រៀល និងរួមចំណែកគាំទ្រការបន្តងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។ សូមជម្រាបជូនថា ការធ្វើអន្តរាគមន៍គ្រោងនឹងធ្វើឡើងចំនួន ២ដងក្នុង១សប្តាហ៍ (ថ្ងៃពុធ និងថ្ងៃសុក្រ) សម្រាប់ រយៈពេល៤សប្តាហ៍តទៅមុខទៀត៕
អត្ថបទ៖ លីនី