iPhone 15 ដែលទើបតែប្រកាសចេញកាលពីយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ នេះ នឹងត្រូវដាក់លក់ក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះតទៅ ដោយម៉ូដែលដែលថ្លៃជាងគេមានតម្លៃរហូតដល់ទៅ ៤៦.៩៩ លានដុង (ប្រមាណ ១,៩៥០ ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។

សារព័ត៌មានដដែលបានឱ្យដឹងថា តម្លៃម៉ូដែលទាំង ៤ ដែលដាក់លក់នៅវៀតណាម គឺជាតម្លៃដែលចុះបញ្ជីដោយ Apple Store Online Vietnam និងអ្នកចែកចាយបន្តដែលទទួលបានការអនុញ្ញាតភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានបង្ហាញស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ។ ជាក់ស្ដែង iPhone 15, 15 Plus, 15 Pro, និង 15 Pro Max មានតម្លៃចាប់ពី ២២.៩៩ លានដុង (ប្រមាណ ៩៥១ដុល្លារ) ឡើងទៅដល់ ៤៦.៩៩ លានដុង (ប្រមាណ ១,៩៥០ ដុល្លារ)។
លោក Doan Viet Dung អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៅហាងលក់រាយអេឡិចត្រូនិក ShopDunk បាននិយាយថា ការពិតដែលថាក្រុមហ៊ុន Apple បានចាប់ផ្តើមការលក់ដំបូងនៅក្នុងប្រទេសវៀតណាមបង្ហាញថា ខ្លួនបានចាត់ទុកប្រទេសនេះជាទីផ្សារដ៏សំខាន់។
គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងដែលជនជាតិវៀតណាមអាចទិញ iPhone ក្នុងខែតែមួយនៃការចេញផ្សាយ ខណៈកាលពីមុនពួកគេត្រូវរង់ចាំមួយ ឬពីរខែ មុនពេលដែលទូរស័ព្ទនេះ ចេញលក់ជាផ្លូវការក្នុងប្រទេសនិងដែនដីចំនួន ២០។ ជាមួយគ្នានេះដែរ ការកម្មង់ទុកជាមុន នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែកញ្ញា ហើយការដឹកជញ្ជូនលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ខណៈអ្នកទិញ Apple Store Online អាចបញ្ជាទិញជាមុនបានត្រឹមតែពីរគ្រឿងប៉ុណ្ណោះក្នុងមួយម៉ូដែល៕
អត្ថបទ៖ លីនី
ប្រភព៖ VNExpress