Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយនៅក្នុងស្រុក ទទួលបានការបញ្ជាទិញអង្ករចំនួន ១០ទូកុងតឺន័រ ពីប្រទេសអូស្រ្តាលី ដែលនេះ គឺជាការរួមចំណែកដល់ការពង្រីកទីផ្សារនាំចេញអង្កររបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។
យោងតាមការបង្ហោះនៅលើផេកផ្លូវការ Amru Rice Cambodia Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញសរុប ១០ទូកុងតឺន័រ ក្នុងនោះអង្ករក្រអូប ២កុងតឺន័រ ត្រូវបាននាំចេញទៅប្រទេសអូស្រ្តាលីរួចមកហើយ តាមរយៈដំណើរទស្សនកិច្ចស្តីពីកសិ-ចំណីអាហារកម្ពុជាដែលបានរៀបចំ និងគាំទ្រដោយរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED កាលពីដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដែលនេះជាសមិទ្ធផលមួយគួរជាទីពេញចិត្តក្រោយពីដំណើរទស្សនកិច្ចនេះ។
ក្រុមហ៊ុនបានបន្ថែមថា៖ «តាមរយៈដំណើរទស្សនកិច្ចដែលរៀបចំនិងគាំទ្រដោយ CAPRED ថ្នាក់គ្រប់គ្រង Amru Rice មានកិត្តិយសដែលទទួលបានឱកាសស្វែងយល់ពីការអនុវត្តកសិកម្មតាមបែបជឿនលឿនរបស់ប្រទេសអូស្រ្តាលី និងទិដ្ឋភាពសំខាន់ៗពីទីផ្សារកសិ-ចំណីអាហារនៅប្រទេសនេះនោះទេ ហើយក៏ទទួលបាននូវឱកាសតាំងបង្ហាញ និងធ្វើបទបង្ហាញចែករំលែកអីពសក្តានុពលនៃអង្ករកម្ពុជា ទៅកាន់ក្រុមហ៊ុនបញ្ជាទិញ និងភ្ញៀវកិត្តិយសនានាផងដែរ។ ជាមួយនឹងចំណេះដឹង បទពិសោធន៍ និងឱកាសដែលទទួលបានពីដំណើរទស្សនកិច្ចនេះ បានញ៉ាំងឱ្យអេមរុរ៉ាយស៍ឈានឆ្ពោះទៅកាន់ការបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីពង្រីកទីផ្សារ និងបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាពរបស់យើង ដែលវាមិនត្រឹមតែដើម្បីរួមចំណែកដល់ភាពរុងរឿង ប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវអត្ថប្រយោជន៍ដល់ប្រព័ន្ធចំណីអាហារសកលលោកផងដែរ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆមាសទីមួយឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួន ៣២៩ ៦៣៣ តោន ទៅកាន់គោលដៅចំនួន ៥២ លើពិភពលោកគិតជាទឹកប្រាក់មានចំនួន ២២៩.២៣ លានដុល្លារសហរដ្ឋអាមេរិក។ ហើយនៅក្នុងរយៈពេល ៦ខែនៃឆ្នាំ២០២៣ នេះ អង្ករកម្ពុជាបានពង្រីសក្តានុពលនាំចេញទៅកាន់ទីផ្សារថ្មីៗក្នុងប្រទេសអាស៊ាន មានដូចជា ហ្វីលីពីន និងព្រុយណេ ជាដើម៕
អត្ថបទ៖ លីនី