ក្រុមហ៊ុន Apple ខាតលុយ ២០០ពាន់លានដុល្លារ ត្រឹមរយៈពេល ២ថ្ងៃ ក្រោយចិនហាមមិនឱ្យមន្ត្រីប្រើប្រាស់ iPhone អំឡុងពេលធ្វើការ
អាជីវកម្ម September 8, 2023 Khmernote

ក្រុមហ៊ុន Apple បានប្រកាសពីការខាតបង់ដ៏ធំ ក្នុងរយៈពេលត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិន​បានហាមប្រាមមិនឲ្យមន្ត្រីរបស់ខ្លួនប្រើប្រាស់ iPhone អំឡុងពេលធ្វើការ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ 2.9% កាលពីថ្ងៃព្រហស្បតិ៍ និងធ្វើឱ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារ។

ជាមួយគ្នានេះ ក្រុមហ៊ុន Apple បានកត់សម្គាល់ការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតរបស់ខ្លួនកាលពីថ្ងៃពុធ ហើយភាគហ៊ុនរបស់ខ្លួននាពេល បច្ចុប្បន្នបានធ្វើឱ្យ Apple ក្លាយជាក្រុមហ៊ុនដែលដំណើរការអាក្រក់បំផុតនៅក្នុងលើ Dow Jones Industrial Average។

គួររម្លឹកថា កាលពីថ្ងៃពុធ កាសែត Wall Street Journal បានរាយការណ៍ថា ប្រទេសចិនបានហាមឃាត់ការប្រើប្រាស់ទូរស័ព្ទ iPhone សម្រាប់មន្ត្រីរដ្ឋាភិបាលកណ្តាល ហើយថាអ្នកគ្រប់គ្រងបានជូនដំណឹងដល់បុគ្គលិកអំពីការហាមប្រាមតាមរយៈក្រុមជជែក ឬកិច្ចប្រជុំ។ ទន្ទឹមគ្នានោះដែរ កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន Bloomberg បានរាយការណ៍ថា ការហាមឃាត់ទាំងនោះត្រូវបានរីកសុះសាយដល់ក្រុមហ៊ុនដែលគាំទ្រដោយរដ្ឋ រួមទាំងក្រុមហ៊ុនថាមពលយក្ស PetroChina ដែលផ្តល់ការងារដល់កម្មកររាប់លាននាក់ និងគ្រប់គ្រងផ្នែកដ៏ធំនៃសេដ្ឋកិច្ចចិន។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលរបស់ក្រុមហ៊ុន Apple ហើយការលក់របស់ចិនតំណាងឱ្យប្រហែលមួយភាគប្រាំនៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុនកាលពីឆ្នាំមុន។ ក្រុមហ៊ុន Apple មិនបង្ហាញពីការលក់ iPhone ទៅតាមប្រទេសនោះទេ ប៉ុន្តែអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវ TechInsights ប៉ាន់ប្រមាណថា មានការលក់ iPhone នៅក្នុងប្រទេសចិនមានចំនួនច្រើនជាងនៅសហរដ្ឋអាមេរិកកាលពីត្រីមាសមុន។ លើសពីនេះ Apple ក៏​ផលិត​ទូរស័ព្ទ iPhone ភាគច្រើន​របស់ខ្លួន​នៅក្នុង​រោងចក្រ​ចិន​ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ CNN