ក្រុមហ៊ុនកូរ៉េ មានបំណងបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទិកទៅជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ នៅខេត្តព្រះសីហនុ
អាជីវកម្ម September 7, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូ ក្រុមហ៊ុនកែច្នៃសំរាមសំណល់ប្លាស្ទិក ដែលដឹកនាំដោយលោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ ធ្វើបទបង្ហាញនៅសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងបង្កើតរោងចក្រកែច្នៃសំណល់ប្លាស្ទិកនៅខេត្តព្រះសីហនុ។​

លោក KIM SANG YOUNG អភិបាលក្រុមហ៊ុន ដេហាន់ ខូភើរ៉េត ប្រទេសកូរ៉ បានជម្រាបជូនអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រុមហ៊ុន របស់លោក បាន និងកំពុងដំណើរការ កែច្នៃសំណល់ប្លាស្ទិកនៅកោះ ចេជូ ប្រទេសកូរ៉េ ហើយក្រុមហ៊ុនមានបំណងមកធ្វើការ កែច្នៃសំណល់ប្លាស្ទិកនៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមកាត់បន្ថយថង់ប្លាស្ទិកនៅកម្ពុជា និងកែច្នៃសំណល់ប្លាស្ទិកឱ្យទៅជាគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ។​

លោកបានបញ្ជាក់ថា កាលមុន ជំងឺកូវីដ១៩រាតត្បាត ក្រុមហ៊ុនរបស់លោក បានបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ប្រមូលទិញសំណល់ប្លាស្ទិកក្នុងមួយគីឡូក្រាម តម្លៃ២៥០រៀល រហូតដល់ ៧០០រៀល ក៏ប៉ុន្តែដោយការ ប្រមូលទិញមិនមានបរិមាណ គ្រប់ក្នុងការផលិត គួបផ្សំនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ក្រុមហ៊ុនបានបិទរោងចក្រកែច្នៃ សំណល់ប្លាស្ទិករហូតមកដល់ថ្ងៃនេះ។

ពេលនេះក្រុមហ៊ុនមានគោលបំណង ចង់មកធ្វើការ ញែកសំរាមកែច្នៃ សំណល់ប្លាស្ទិកនៅខេត្តព្រះសីហនុ ដោយធ្វើការញែកនៅក្នុងទីលាន ចាក់សំរាម ញែក យកតែសំណល់ប្លាស្ទិកមកផលិតជាសម្ភារប្រើប្រាស់ផ្សេងៗបម្រើ ឱ្យតម្រូវការប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។​ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ ក្រុមហ៊ុនកូរ៉េ ដែលមានបំណងចង់មកធ្វើរោងចក្រញែកសំរាម កែច្នៃ សំណល់ប្លាស្ទិកនៅ ខេត្តព្រះសីហនុ រដ្ឋបាលខេត្តសូមគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ដីឱ្យក្រុមហ៊ុនសម្រាប់ ធ្វើរោងចក្រនៅទីលានចាក់សំរាមថែមទៀតផង ក៏ប៉ុន្តែមិនប្រគល់ដីជាកម្មសិទ្ធិនោះទេ ។​

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យ ប្រធានមន្ទីរ បរិស្ថានខេត្តព្រះសីហនុ នាំប្រតិភូឱ្យ ទៅសិក្សានៅទីលានចាក់សំរាម ដោយសារសំរាមនៅកម្ពុជា គឺជាសំរាមចម្រុះ ដែលមិនទាន់ញែកមានដូចជា សំណល់ផ្ទះបាយ សំណល់ប្លាស្ទីក និងសំណល់ជាច្រើប្រភេទទៀត ដើម្បីឱ្យ ក្រុមហ៊ុនយកទៅសិក្សាមានមូលដ្ឋានក្នុងការបំពាក់ ម៉ាស៊ីនញែកសំរាមឱ្យបានត្រឹមត្រូវ រើសយកតែសំណល់ប្លាស្ទិក។ សង្ឃឹមថា ក្រុមហ៊ុននឹង សិក្សាស៊ីជម្រៅ ដើម្បីឈានទៅបំពាក់ម៉ាស៊ីនញែក បង្កើតជារោងចក្រកែច្នៃ សំណល់ប្លាស្ទិក នៅក្នុងខេត្តព្រះសីហនុនៅពេលខាងមុខ៕

ប្រភព៖ ក្រសួងព័ត៌មាន