ក្រុមហ៊ុន Toyota Motor Corp កាលពីថ្ងៃអង្គារបាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការនៅរោងចក្រដំឡើងទាំង ១៤ទីតាំងរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ដោយសារតែប្រព័ន្ធផលិតកម្មដំណើរការខុសប្រក្រតី ដែលនាំឱ្យទិន្នផលក្នុងស្រុកគាំងទ្រឹង។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។

អ្នកនាំពាក្យក្រុមហ៊ុនម្នាក់បាននិយាយថា កំហុសបច្ចេកទេសខាងលើនេះ បានកំពុងរារាំងក្រុមហ៊ុន Toyota ពីការបញ្ជាទិញគ្រឿងបន្លាស់ ហើយចំពោះមូលហេតុដែលបណ្ដាលឱ្យគាំងដំណើរការនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ អ្នកនាំពាក្យដដែលបានបន្តថា ក្រុមហ៊ុន Toyota បានផ្អាករោងចក្រចំនួន ១២ ចាប់ពីព្រឹកថ្ងៃអង្គារ ហើយបានផ្អាកចំនួន ២ បន្ថែមទៀត នៅរសៀលថ្ងៃដដែល ហើយចំពោះទិន្នផលដែលត្រូវខូចខាត និងបាត់បង់មិនច្បាស់ថាមានចំនួនប៉ុន្មាននោះទេ។
ទោះជាយ៉ាងណាក្ដី បើតាមការគណនារបស់ Reuters បានបង្ហាញថា ទិន្នផលរបស់ប្រទេសជប៉ុន ជាមធ្យមមានប្រហែល ១៣,៥០០ គ្រឿងក្នុងមួយថ្ងៃ ក្នុងឆមាសទីមួយនៃឆ្នាំនេះ។ ចំនួននោះមិនរាប់បញ្ចូលរថយន្តពីក្រុមហ៊ុនផលិតរថយន្តជាក្រុម Daihatsu និង Hino ឡើយ៕
អត្ថបទ៖ លីនី
ប្រភព៖ VNExpress