រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំទីតាំងសម្រាប់ជូនដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដាក់តាំងលក់ផលិតផលរបស់ខ្មែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក
អាជីវកម្ម August 26, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោក កើត ឆែ អភិបាលរងរាជធានីបានឱ្យដឹងថា រដ្ឋបាលរាជ ធានីភ្នំពេញ នឹងរៀបចំទីតាំងសម្រាប់ជូនដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដាក់តាំងលក់ផលិតផលរបស់ខ្មែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិបាលនឹងរៀបចំធំជាងឆ្នាំកន្លងទៅ ដោយសារ តែពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ ត្រូវបានអាក់ខានរយ:ពេល៣ ឆ្នាំមកហើយ។

ការលើកឡើងរបស់លោក កើត ឆែ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៣នេះ ក្នុងសិក្ខាសា លា ស្តីអំពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ។

លោក កើត ឆែ បានលើកឡើងថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកន្លែងសម្រាប់ការតាំងលក់ ទំនិញរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ផលិតផលរបស់ខ្មែរ បង្ហាញទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលរបស់ខ្មែរ ប៉ុន្តែក៏ទាមទារឱ្យមានស្តង់ដាអនាម័យខ្ពស់ និងតម្លៃក៏អាចទទួលយកបាន។

ក្នុងឱកាសនោះដែរលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានឱ្យដឹងដែរថា ដោយមើលឃើញពីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានច្រើនណាស់ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ការជំរុញទីផ្សារក្នុងស្រុក និងការជំរុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់គាត់។ ដូច្នេះទើបសមាគមសហគ្រាសធុនតូច និងមធ្យម សហការសម្របសម្រួលរៀបចំ ដើម្បីបង្កើតអង្គការសាលានេះឡើង។

លោកឧកញ៉ាក៏បានស្នើឱ្យសមា គមសហគ្រាសធុនតូច និងមធ្យម ពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍការងារធុរកិច្ចរបស់ខ្លួនកាន់ តែរីកចម្រើនបន្ថែមទៀត។ ជាងនេះទៅទៀត ត្រូវឈ្វេងយល់ពីរបៀបលក់ផលិតផលទៅកាន់ទីផ្សារក្នុងស្រុក និងឈ្វេងយល់អំពីដំណើរការនាំចេញ ទទួលបានព័ត៌មានទាក់ ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចីធនាគារដៃគូ សេវាកម្ម ក្រុមហ៊ុនដៃគូ៕

ប្រភព៖ ក្រសួងព័ត៌មាន