រដ្ឋមន្រ្តីឌីជីថលថៃ ស្នើឱ្យបិទ Facebook ក្នុងប្រទេស បើក្រុមហ៊ុនមិនចាត់ការលើការបោកប្រាស់ដែលបានប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់
អាជីវកម្ម August 23, 2023 Khmernote

ប្រទេសថៃ គំរាមបិទបណ្ដាញសង្គមយក្ស Facebook ពាក់ព័ន្ធទៅនឹងរឿងឆបោកដែលប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ នេះបើយោងតាមការចុះផ្សាយរបស់ VNExpress កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅថ្មីៗនេះ។

លោក Chaiwut Thanakamanusorn រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល របស់ប្រទេសថៃ បានលើកឡើងថា ក្រសួងនឹងស្នើសុំឱ្យតុលាការព្រហ្មទណ្ឌបិទបណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន Meta នៅក្នុងប្រទេសសេដ្ឋកិច្ចធំ​ទី​២ របស់​អាស៊ី​អាគ្នេយ៍​មួយ​នេះ ប្រសិនបើក្រុមហ៊ុន មិនចាត់ការលើការបោកប្រាស់ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ ២០០,០០០នាក់។

លោក Chaiwut បានប្រាប់សារព័ត៌មានរ៉យទ័រថា “យើងកំពុងស្នើសុំឱ្យតុលាការបិទ Facebook ដោយមិនអនុញ្ញាតឱ្យបណ្ដាញសង្គមនេះផ្តល់សេវាកម្មនៅក្នុងប្រទេសថៃទៀតទេ ប្រសិនបើពួកគេបន្តអនុញ្ញាតឱ្យគេហទំព័រក្លែងក្លាយទាំងនេះបោកបញ្ឆោតអ្នកប្រើប្រាស់តទៅទៀត” ។

ជាមួយគ្នានេះដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានញ្ជាក់ថា ខ្លួនបានធ្វើសំណើម្តងហើយម្តងទៀតសម្រាប់ការផ្សាយពាណិជ្ជកម្មដែលខ្លួនបានកំណត់ថា ជាការបោកប្រាស់ដើម្បីដកចេញពី Facebook ប៉ុន្តែបញ្ហានៅតែបន្តកើតមាន ហើយវានឹងឈានទៅរកការអន្តរាគមន៍ពីតុលាការ។

ដោយឡែក អ្នកនាំពាក្យក្រសួង លោក Wetang Phuangsup ក៏បានប្រាប់អ្នកសារព័ត៌មាន Reuters ផងដែរថា បច្ចុប្បន្នក្រសួងកំពុងប្រមូលភ័ស្តុតាងនៃការប្រព្រឹត្តខុសដោយ Facebook ដែលនឹងបង្ហាញនៅចំពោះមុខតុលាការ។ លោកបានបញ្ជាក់ថា៖ «ប្រសិនបើមានកំហុសច្រើន តុលាការអាចបិទទំព័រ និងគណនី ឬតុលាការអាចបិទវេទិកាទាំងមូលតែម្ដង »។

គួរបញ្ជាក់ផងដែរថា ការបោកប្រាស់ដែលប្រព្រឹត្តឡើងនៅលើ Facebook រួមមាន៖ ការទាក់ទាញអ្នកប្រើប្រាស់ឱ្យវិនិយោគនៅក្នុងក្រុមហ៊ុនក្លែងក្លាយ ការក្លែងបន្លំស្ថាប័នរដ្ឋាភិបាលដូចជា គណៈកម្មការមូលបត្រ និងការជួញដូររូបិយប័ណ្ណឌីជីថលជាដើម៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress