Apple អាចនឹងដាក់លក់ iPhone 15 នៅប្រទេសវៀតណាមនៅខែក្រោយនេះ
អាជីវកម្ម August 22, 2023 Khmernote

ក្រុមហ៊ុន Apple អាចនឹងលក់ iPhone 15 ដែលជាស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនក្នុងប្រទេសវៀណាមនៅខែកញ្ញា ខាងមុខនេះ ដោយការដាក់លក់នេះ គឺលឿនជាងកាលពីឆ្នាំមុនរយៈពេលមួយខែ ដោយសារតែក្រុមហ៊ុនបានពិចារណាលើការកែសម្រួល “កម្រិតអាទិភាព” របស់ប្រទេសវៀតណាមពីកម្រិត 3 ទៅកម្រិត 2។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

កម្រិតទី២នេះ មានន័យថា អ្នកលក់រាយនៅវៀតណាមអាចត្រូវបានអនុញ្ញាតឱ្យលក់ iPhone 15 នៅក្នុងដំណាក់កាលទីពីរបន្ទាប់ពីការចេញផ្សាយ និងដាក់លក់ជាផ្លូវការរបស់ក្រុមហ៊ុន Apple ។ ឧទាហរណ៍ជាក់ស្ដែង កាល​ពី​ឆ្នាំ​២០២២ iPhone 14 ត្រូវ​បានដាក់បង្ហាញជាផ្លូវការនៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ហើយ​បាន​ដាក់លក់​ចាប់​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា​ នៅ​​ Apple Store។ ដំណាក់កាលទីពីរ បានចាប់ផ្តើមនៅថ្ងៃទី២៣ ខែកញ្ញា នៅក្នុងប្រទេសនិងដែនដីចំនួន ២០។ ហើយផលិតផលនេះត្រូវបានចែកចាយជាផ្លូវការ នៅក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី១៤ ខែតុលា ដែលជាដំណាក់កាលទីបីនៃការដាក់បង្ហាញ និងដាក់លក់ជាផ្លូវការ។

ទោះជាយ៉ាងណាក្ដី អ្នកគ្រប់គ្រងខ្សែសង្វាក់បាននិយាយថា ការសម្រេចចិត្តចុងក្រោយរបស់ Apple មិនទាន់ត្រូវបានធ្វើឡើងឡើយ ប៉ុន្តែមានសញ្ញាល្អគួរឱ្យកត់សម្គាល់ ដែលថា Apple ចាប់អារម្មណ៍ច្រើនប្រទេសវៀតណាមច្រើនជាងគេ ហើយ iPhone 15 អាចនឹងត្រូវដាក់លក់លឿនជាងឆ្នាំមុន។

យោងតាមសារព័ត៌មាន Bloomberg កាលបរិច្ឆេទចេញលក់ iPhone 15 ទំនងជាត្រូវបានប្រកាសនៅថ្ងៃទី១៣ ខែកញ្ញា ហើយម៉ូដែលថ្មីនេះនឹងដាក់លក់ចាប់ពីថ្ងៃទី២២ ខែកញ្ញា។

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាម គឺជាប្រទេសទីប្រាំមួយនៅអាស៊ីអាគ្នេយ៍ដែលបានបើក Apple Store Online នៅក្នុងខែឧសភា ហើយត្រឹមតែពីរខែក្រោយមកបានក្លាយជាប្រទេសទីបី នៅក្នុងតំបន់ដែលមាន Apple Pay ។ ប្រទេសវៀតណាមមិនមាន Apple Store ដូចប្រទេសជិតខាងសិង្ហបុរី និងថៃទេ តែទោះជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កំណើននៃវត្តមានរបស់ iPhone នៅក្នុងប្រទេសវៀតណាម គឺលឿនជាងទីផ្សារអន្តរជាតិមួយចំនួន៕

ប្រភព៖ VNExpress
អត្ថបទ៖ លីនី