យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធទូទាត់តាម QR Code ឆ្លងដែន នៅក្នុងប្រទេសឡាវ ដំណាក់កាលទី១ «កម្ពុជាស្កេនឡាវ QR Code» ក្នុងគោលបំណង ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សម្រាប់ការទូទាត់នៅក្នុងតំបន់អាស៊ាន និងបរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារ អេស៊ីលីដា ឡាវ លីមីតធីត ត្រូវបានជ្រើសរើសជាធនាគារទូទាត់ សម្រាប់ការទូទាត់ឆ្លងដែនរវាងកម្ពុជា និងឡាវ សម្រាប់ប្រតិបត្តិការទទួលយកការទូទាត់ជារូបិយប័ណ្ណក្នុងស្រុក (ប្រាក់រៀល និងឡាវគីប)។
ជាងនេះទៅទៀត សម្រាប់ជំហានបន្ទាប់ អតិថិជននៃសមាជិកបាគងទាំងអស់នឹងអាចធ្វើការទូទាត់ជាប្រាក់រៀល ពីគណនីធនាគារ តាមទូរស័ព្ទរបស់ពួកគាត់នៅក្នុងប្រទេសឡាវ៕
ប្រភព៖ ក្រសួងព័ត៌មាន