រោងចក្រប្រេងឆាសុខភាព ផលិតចេញពីស្រូវអង្ករផ្កាម្លិះដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា របស់ឧកញ៉ា ស្រី​ ចាន់ថន ដំណើរការបាន ១០០% ហើយ
អាជីវកម្ម August 17, 2023 Khmernote

ឧកញ៉ា ស្រី​ ចាន់ថន បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះថា រោងចក្រប្រេងឆាសុខភាព ផលិតចេញពីស្រូវអង្ករផ្កាម្លិះដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលឧកញ៉ាបានបោះទុនវិនិយោគ ពេលនេះ ដំណើរការបាន ១០០%ហើយ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយនាពេលកន្លងមក បានឱ្យដឹងថា អគ្គនាយកក្រុមហ៊ុន Jet’s Group និង Skyland 7NG ឧកញ៉ា ស្រី ចាន់ថន បានបន្តបោះទុនវិនិយោគដំឡើងរោងចក្រផលិតប្រេងឆាចម្រាញ់ពីកន្ទក់ គុណភាពកម្រិតស្តង់ដារអន្តរជាតិ នៅលើទឹកដីស្រុកថ្មគោល ខេត្តបាត់ដំបង សាងសង់លើផ្ទៃដីសរុប ប្រមាណជិត ២ម៉ឺនម៉ែត្រការ៉េ។

ចំពោះមូលហេតុដែលសម្រេចចិត្តបោះទុនវិនិយោគរាប់លានដុល្លារលើការបង្កើតរោងចក្រនេះ ឧកញ៉ា ស្រី ចាន់ថន បានបង្ហាញថា៖ «ដោយសារខ្ញុំមើលឃើញថា នៅស្រុកខ្មែរយើង មិនទាន់មានរោងចក្រផលិតប្រេងឆាលំដាប់ស្តង់ដារបែបនេះនៅឡើយ ភាគច្រើន គឺយើងនាំចូលពីបរទេស ឯតម្រូវការប្រើប្រាស់ប្រេងឆាប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋយើងក៏មានចំនួនខ្ពស់។ មួយវិញទៀត ការវិនិយោគបង្កើតរោងចក្រប្រេងឆានៅខេត្តបាត់ដំបងនេះ ខ្ញុំក៏បានគិតទៅលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ បងប្អូនអ្នកប្រើប្រាស់ជាចម្បងដែរ ព្រោះផលិតផលប្រេងឆានេះ ចម្រាញ់ចេញពីកន្ទក់ ដែលធានាបាននូវគុណភាពខ្ពស់ កម្រិត ISO មិនចាញ់គុណភាពប្រេងឆានៅលើទីផ្សារអន្តរជាតិ និងតាមបណ្ដាប្រទេសជឿនលឿនផ្សេងៗឡើយ។ ហើយក៏បានគិតគូរយ៉ាងលម្អិតល្អន់ទៅការកាត់បន្ថយការនាំចូលផលិតផលប្រេងឆានេះពីក្រៅស្រុក ការជួយបង្កើតផលិតភាព ផលិតផល កសិឧស្សាហកម្ម និងការបង្កើតការងារជូនដល់ពលរដ្ឋខ្មែរថែមទៀតផង។

គួរបញ្ជាក់ផងដែរថា គុណភាពប្រេងឆា ចម្រាញ់ចេញពីកន្ទក់ដោយម៉ាស៊ីនស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Jet’s Group គឺផលិតចេញមកស្របតាមស្តង់ដារចម្រាញ់ប្រេងកម្រិត CE របស់ទីផ្សាអុឺរ៉ុប និងស្តង់ដារ FDA ស្របតាមទីផ្សាសហរដ្ឋអាមេរិក ក៏ដូចជាគុណភាព ISO តាមទីផ្សារប្រេងឆាទូទៅផងដែរ៕

អត្ថបទ៖ លីនី