VinFast របស់វៀតណាមក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេទីបី នៅលើពិភពលោក បន្ទាប់​ពី Tesla និង BYD
អាជីវកម្ម August 17, 2023 Khmernote

VinFast បានក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានតម្លៃបំផុតលំដាប់ទី៣ នៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Tesla និង BYD ជាមួយនឹងទីផ្សារភាគហ៊ុនចំនួន ៨៥ ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

សារព័ត៌មានខាងលើបានឱ្យដឹងទៀតថា ភាគហ៊ុនរបស់ VinFast បានចុះបញ្ជីនៅលើផ្សារហ៊ុន Nasdaq របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារនៅតម្លៃ ២២ដុល្លារ និងបិទវគ្គជួញដូរក្នុងតម្លៃជាង ៣៧ដុល្លារ។ ជាមួយគ្នានេះដែរ តម្លៃទីផ្សាររបស់ VinFast ក៏ខ្ពស់ជាងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដទៃទៀត នៅក្នុងសហរដ្ឋអាមេរិកផងដែរ ហើយក៏លើសពីតម្លៃក្រុមហ៊ុន Ford Motor, GM, BMW, Volkswagen និង Mercedes-Benz។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Tesla នាំមុខគេក្នុងឧស្សាហកម្មនេះជាមួយនឹងទីផ្សារភាគហ៊ុនចំនួន ៧៣៨ ពាន់លានដុល្លារ តាមពីក្រោយដោយ BYD របស់ប្រទេសចិនដែលមាន ៨៧ពាន់លានដុល្លារ។ ហើយ VinFast ដែលជាប់ចំណាត់ថ្នាក់ទី៣ ត្រូវ​តាម​ពី​ក្រោយ​ដោយ​ក្រុមហ៊ុន​ចិន​មួយ​ទៀត​គឺ Li Auto ដែល​មានទីផ្សារភាគហ៊ុន​ ៤០ ពាន់​លាន​ដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress