មន្ទីររៀបចំដែនដីខេត្តកំពត៖ សន្ទុះនៃការអភិវឌ្ឍវិស័យសំណង់នៅខេត្តកំពតនៅតែមានដំណើរការល្អទៅមុខជាលំដាប់
អចលនទ្រព្យ August 9, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត កំពតបានឱ្យដឹងថា សន្ទុះការអភិវឌ្ឍ វិស័យសំណង់នៅក្នុងខេត្តនៅតែមានដំណើរការទៅមុខយ៉ាងល្អប្រសើរ ទោះស្ថិតនៅក្នុងវិបត្តិសកលនៃជំងឺ កូវីដ១៩និង វិបតិ្តសេដ្ឋកិច្ចក៏ដោយ។

លោក ស៊ឹម សុខជា អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពតបានប្រាប់ឱ្យដឹងថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើឱ្យវិស័យសំណង់ នៅតែមាន ដំណើរការទៅមុខ ហើយប្រជាពល រដ្ឋនៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសាងសង់សំណង់លំនៅឋាននិងសំណង់ផ្សេងៗតាមតម្រូវការដោយគ្មានការថមថយឬធ្លាក់ចុះនោះទេបើធៀបទៅនឹងឆ្នាំទៅ ដោយសារតែខេត្តបានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការកែលម្អសោភ័ណភាពក្រុងទាក់ទាញទេសចរនិងអ្នកវិនិយោគចូលមកកាន់តែច្រើន ដែលធ្វើឱ្យពលរដ្ឋទទួលបានប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោល ធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។

លោកបន្ថែមថា ក្នុងខែ កក្កដា មន្ទីរបានផ្តល់លិខិត អនុញ្ញាតសាងសង់ចំនួន១២ គម្រោង ដោយគិតជាផ្ទៃក្រឡា ១៣៣៨៩ម៉ែត្រកា និងទុនវិនិយោគជាង១លានដុល្លារអាមេរិកហើយបើប្រៀបធៀបឆមាសទី១ ឆ្នាំ២០២៣ ជាមួយឆមាសទី១ នៃឆ្នាំ២០២២ កន្លងទៅ វិស័យសំណង់ក្នុងខេត្តកំពត នៅតែរក្សាបាននូវ សន្ទុះយ៉ាងល្អប្រសើរ។

សំឡេង៖ «ទោះបីជាស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ទាក់ទងទៅនឹងសេដ្ឋកិច្ចពិភពលោកក៏ដោយ ប៉ុន្តែតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតែមាន ហើយប្រជាពលរដ្ឋនៅ ក្នុងខេត្តកំពតយើង ក៏នៅតែមាន លទ្ធភាពនៅក្នុងការសាងសង់ ដោយសំណង់ភាគច្រើន៩០ភាគ រយគឺជាសំណង់លំនៅឋានរបស់ប្រជាពលរដ្ឋ។»

លោកអនុប្រធានមន្ទីរ ក៏បានស្នើប្រជាពលរដ្ឋនិងអ្នកវិនិយោគត្រូវចូលរួមសហការ និងគោរពច្បាប់សំណង់ឱ្យបានល្អ កុំសាងសង់មុនពេលទទួលបានលិខិតអនុញ្ញាត ឬសាងសង់បំពានដីរបស់រដ្ឋ ហើយការគោរពច្បាប់បានចូលរួមចំណែកនៅក្នុងការអភិវឌ្ឍន៍សង្គម រក្សាបាននូវសុវត្ថិភាព និង សោភ័ណភាពសំណង់ និងមានឈ្មោះជាពលរដ្ឋល្អមួយនោះផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន