iPhone 14 Pro Max នៅវៀតណាមធ្លាក់ថ្លៃមកត្រឹម ១០០០ដុល្លារស្ដើង ក្រោយចេញលក់បាន ១០ខែ
អាជីវកម្ម August 7, 2023 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានឱ្យដឹងថា បន្ទាប់ពីដាក់លក់នៅប្រទេសវៀតណាមអស់ពេល ១០ខែ តម្លៃទូរស័ព្ទ iPhone 14 Pro Max បានធ្លាក់ចុះ ២៤% មកនៅត្រឹមតែ ២៥.៧លានដុង (ប្រមាណ ១,០៨៩​ដុល្លារ) តែប៉ុណ្ណោះ។

តាមសារព័ត៌មានខាងលើ អ្នកលក់បន្តដែលមានការអនុញ្ញាពី Apple មួយចំនួន (AARs) នៅក្នុងប្រទេសវៀតណាម បានទម្លាក់តម្លៃ iPhone 14 Pro Max មកនៅតិចជាង ២៦លានដុង (១,០៩៥ដុល្លារ) ដែលជាតម្លៃទាបបំផុតចាប់តាំងពីការចេញលក់នៅខែតុលា ឆ្នាំ ២០២២។

អ្នកលក់រាយខាងលើបានឱ្យដឹងថា ការធ្លាក់ចុះតម្លៃ បណ្ដាលពីជំនួយរបស់ Apple ដែលផ្តល់ដល់ (AARs) និងការប្រឹងប្រែងប្រកួតប្រជែងលើទីផ្សាររបស់ពួកគេផ្ទាល់។ លើសពីនេះទៅទៀត ឆ្នាំនេះ (AARs) នៅក្នុងប្រទេសវៀតណាមមិនត្រឹមតែប្រកួតប្រជែងគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រជែងជាមួយ​ Apple Store Online នៅវៀតណាមដែលកំពុងផ្តល់ការលើកទឹកចិត្ត និងការផ្សព្វផ្សាយជាច្រើនដល់សិស្សាសាលាផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រៅពី iPhone 14 Pro Max ម៉ូដែលផ្សេងទៀតរបស់ Apple ត្រូវបានគេមើលឃើញថា តម្លៃលក់ធ្លាក់ចុះផងដែរ ពោលគឺធ្លាក់ចុះពី ៣០០,០០០ ទៅ ៥០០,០០០ដុងក្នុងមួយគ្រឿង។ តម្លៃ iPhone 14, iPhone 14 Plus និង iPhone 14 Pro បច្ចុប្បន្ន គឺយ៉ាងតិច ១៨.៥ លានដុង ២១ លានដុង និង ២៣.៦ លានដុង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress