ក្រុមហ៊ុន Toyota Tsusho Corporation បោះទុនវិនិយោគលើគម្រោងថ្មីមួយនៅកម្ពុជា ដែលនឹងដំណើរការនៅចុងឆ្នាំនេះ
អាជីវកម្ម August 5, 2023 Khmernote

ក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត កំពុងបោះទុនវិនិយោគទៅលើគម្រោងថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេសខាងលើ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Toyota Tsusho Corporation ដែលកំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។

ថ្មីៗនេះ ក្រុមហ៊ុន Toyota Tsusho Corporation បាននិងកំពុងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ដែលក្នុងនោះ នឹងបង្កើតគម្រោងវិនិយោគថ្មីមួយទៀត ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត លើមុខសញ្ញាវិនិយោគ ផលិតប្រព័ន្ធខ្សែភ្លើងសម្រាប់រថយន្ត (Automotive Wire Harness) ដែលគ្រោងចាប់ផ្តើមដំណើរការនៅខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ និងអាចស្រូបយកកម្លាំងពលកម្មប្រមាណ ៨០០ កន្លែងបន្ថែមទៀត។ បច្ចុប្បន្ន កម្មករនិយោជិតកម្ពុជាមួយចំនួន កំពុងទទួលការបណ្តុះបណ្តាលនៅប្រទេសថៃ៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា