សហគ្រាសកែច្នៃផលិតផលជលផលចំនួន ៨ ទទួលបានការបញ្ជាក់សុវត្ថិភាពចំណីអាហារ CQS ដែលអាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិ
អាជីវកម្ម August 4, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សហគ្រាសកែច្នៃផលិតផលជលផលចំនួន ៨ ទទួលបានការបញ្ជាក់សុវត្ថិភាពចំណីអាហារ ក្រោមគម្រោងគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប ក្នុងគោលដៅរួមចំណែកថែរក្សាសុខភាពសាធារណៈ និងការពង្រីកទីផ្សារនៅក្នុងស្រុក និងក្រៅស្រុកប្រកបដោយភាពប្រកួតប្រជែង និងមានចីរភាព។

ថ្លែងក្នុងពិធីផ្តល់និមិត្តសញ្ញាគុណ ភាពផលិតផលជលផលកម្ពុជា ដែលមានពាក្យកាត់ថា «CQS» ដល់សហគ្រាសកែច្នៃផល ផលិតផលជលផលនៅថ្ងៃទី៣ ខែសីហានេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ការដាក់ចេញប្រព័ន្ធវិញ្ញាបនបត្រ CQS គឺមួយបំពេញបន្ថែមកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារសម្រាប់មនុស្សគ្រប់រូប និងពង្រីកទីផ្សារនាំចេញ។ ឯកឧត្តម មានសុទិដ្ឋិនិយមថា ផលិតផលជល ផលដែលមានបិទភ្ជាប់ស្លាកសញ្ញា CQS នឹងមានវត្តមានកាន់តែច្រើនចរាចរណ៍នៅក្នុងស្រុក និងផ្សារទំនើបក្នុងប្រទេស។

សូមបញ្ជាក់ថា CQS គឺជាប្រព័ន្ធវិញ្ញាបនប័ត្រសុវត្ថិភាពម្ហូបអាហារដំបូងគេបំផុតសម្រាប់វិស័យជលផលនៅកម្ពុជា ក្រោមការដឹកនាំផ្ទាល់របស់រដ្ឋបាលជលផល តាមរយៈគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ហៅថា CAPFISH-Capture ក្រោមការគាំទ្រថវិកាដោយ សហភាពអឺរ៉ុប និងអនុវត្តដោយអង្គការសហប្រជា ជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ហៅកាត់ UNIDO សំដៅការធានាឱ្យបាននូវគុណភាព និងសុវត្ថិភាពផលិតផលជលផល ដែលនឹងអាចរួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មជលផលកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព។

លោក Bryan FORNARI ប្រធានផ្នែកកិច្ចសហប្រតិបត្តិការ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការណ៍នេះ នឹងជួយឱ្យផលិតផលជលផលកម្ពុជាអាចបោះជំហានជាបណ្តើរៗចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងទីផ្សារអន្តរជាតិ។

ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សង្កត់ធ្ងន់ថា ប្រព័ន្ធវិញ្ញាបនបត្រ CQS ត្រូវបានបង្កើតឡើងដើម្បីបង្កើនភាពប្រកួត ប្រជែងរបស់ផលិតផលជលផលកម្ពុជា ការពារសុខភាពសាធារណៈ និងសម្រួលដល់ការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។ របាយការណ៍របស់អង្គការ UNIDO ដែលជាអ្នកជួយដល់កម្មវិធីគាំទ្រសហគ្រាសជលផល ខ្នាតតូច និងមធ្យមរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ក្រោមហិរញ្ញវត្ថុពីសហភាពអឺរ៉ុប បានឱ្យដឹងថា បច្ចុប្បន្ន សហគ្រាសកែច្នៃផលជលផលចំនួន ២៨កំពុងអនុវត្តគ្រោងការនេះ ហើយផលិតផលដែលមាននិមិត្តសញ្ញា CQS នឹងមានលក់នៅលើទីផ្សារក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជាក់ដល់អ្នកប្រើប្រាស់ពីសុវត្ថិភាព និងគុណភាពខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន