រោងចក្រកែច្នៃជ័រកៅស៊ូមួយកន្លែងនៅខេត្តកំពង់ធំ បើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ ១ម៉ោងអាចផលិតកែច្នៃជ័រកៅស៊ូបាន ២តោន
អាជីវកម្ម July 31, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់វៀតណាម ដែលមានសមត្ថភាពផលិតកែច្នៃ​ជ័រកៅស៊ូ ២តោនក្នុង ១ម៉ោង បានដាក់ឱ្យដំណើរការជាផ្លូវការហើយ​ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការចាំបាច់សម្រាប់ការកែ​ច្នៃផលិតផលកៅស៊ូ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា និងពិធី​សំណេះ​សំណាលជាមួយកម្មករកម្មការិនីនៅក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ រោងចក្រ​កែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ ស្ថិតឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោក LE THANH HUNG ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជាប្រធានសមាគមកៅស៊ូវៀតណាម លោក TRUONG MINH TRUNG ជាអគ្គនាយករងសម្ព័ន្ធនិងជាអនុប្រធានគណៈ​កម្មាធិការ​អចិន្ត្រៃយ៍ដឹកនាំការអភិវឌ្ឍន៍សាជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជាអមដំណើរជាមួយថ្នាក់ដឹកនាំរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ថា រហូតមកដល់ពេលនេះរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ បានបញ្ចប់ការសាងសង់ជាស្ថាពរតាមការកំណត់ ដែលបានគ្រោងទុក និង​បានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិត ២តោនក្នុង១ម៉ោង ឱ្យដំណើរការ។ ឯកឧត្ដមបានមានប្រសាសន៍ថា នេះជារោងចក្រកែច្នៃកៅស៊ូប្រកប​ដោយ​បច្ចេកវិទ្យាទំនើប ជាការកត់សម្គាល់​នូវ​ដំណើរការ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិក​ក្រុម​ហ៊ុន អ្នកម៉ៅការសំណង់ អ្នកផ្គត់​ផ្គង់​ឧបករណ៍សម្ភារ និងក្រុមហ៊ុនជាដៃគូមួយចំនួន​ទៀត​បានចូលរួម ចំណែកក្នុងការបញ្ចប់​ការសាងសង់រោងចក្រជាស្ថាពរ។

ឯកឧត្តម ងួន រតនៈ បានបញ្ជាក់ទៀតថា ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែ​ច្នៃផលិតផលកៅស៊ូ និងលើកកម្ពស់តម្លៃទំនិញបង្កើនការប្រកួតប្រជែង និងនាំមកនូវប្រសិទ្ធ​ភាពក្នុងផលិតកម្ម ​​និង​អាជីវកម្ម សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបានយល់ព្រម​អនុញ្ញាត​ឱ្យវិនិយោគលើ​គម្រោង​សាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ។ ឯកឧត្តមអភិបាលខេត្ដបានកោតសរសើរដល់ ក្រុមហ៊ុនបានជួយ​កសាងហេដ្ឋារចនាសម្ព័ន្ធ​ដែលជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋកាន់មានភាពល្អប្រសើរ។ ឯកឧត្ដមបានចាត់ទុកការដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃកៅស៊ូជីប៉ាកំពង់ធំ នា​ពេល​នេះ ពិតណាស់នឹងក្លាយជាផ្នែកមួយបន្ថែមទៀតក្នុងការជំរុញសេដ្ឋកិច្ច ជាពិសេសជីវ​ភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសណ្តាន់ផ្ទាល់ឱ្យកាន់តែរីកចម្រើន។

ឯកឧត្ដមអភិបាលខេត្ដក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនវិនិយោគវៀតណាមទាំងអស់ សម្ព័ន្ធកៅស៊ូ​វៀតណាម និងសូមគាំទ្រនិងស្វាគមន៍វិនិយោគិនវៀត​ណាម​បន្ត​អនុវត្តន៍​ផែនការ​វិនិយោគក្នុងខេត្តកំពង់ធំឱ្យបានកាន់តែច្រើនថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន