ប្រតិបត្ដិករទេសចរណ៍ រំពឹងថា ភ្ញៀវទេសចរកើនឡើង ក្រោយដំណើរការព្រលានយន្ដហោះថ្មី នៅចុងឆ្នាំនេះ
អាជីវកម្ម July 27, 2023 Khmernote

សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អ្នកបំរើសេវាកម្មទេសចរណ៍ នៅខេត្ដសៀមរាប សម្ដែងក្ដីរំពឹងថា អ្នកទេសចរអន្ដរជាតិនឹងកើនឡើង នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានដាក់ឱ្យដំណើរការហោះហើរត្រង់ ពីក្រៅប្រទេសមកកាន់រាជធានីភ្នំពេញ និងទៅកាន់ខេត្តសៀមរាប ។

លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងទីផ្សារផលិតផលកម្ពុជា បានឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះថា តាមការសង្កេតឃើញបច្ចុប្បន្ននេះ ភ្ញៀវទេសចរអន្ដរជាតិ បានចាប់ផ្ដើមកំរើកជាបណ្ដើរៗហើយ។ តាមរយ:ពួកគាត់ទៅស្វែងទិញរកវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរសុទ្ធសាធដែលក់នៅផ្សារនេះ នាពេលរាត្រី។ លោកបានបន្ដថា ក្រោយពីប្រទេសកម្ពុជា បានអនុវត្ដជោគជ័យជាច្រើនព្រឹត្ដិការណ៍ រួមមាន បានលុបបំបាត់ជំងឹឆ្លងកូវីដ-១៩ ជោគជ័យការរៀបចំព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ជាពិសេសទៅទៀត ខេត្ដសៀមរាបទទួលបានផ្លូវស្រស់ស្អាតនៅកណ្ដាលក្រុងសៀមរាប និងទទួលបាននូវព្រលានយន្ដហោះថ្មី ដែលគ្រោងដាក់ឱ្យដំណើរនៅពាក់កណ្ដាលខែតុលាខាងនេះ។

លោកបន្ដថា ក្រោយពេលដែលដាក់អោយដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរនេះ នឹងនាំមកនូវភ្ញៀវទេសចរ គ្រប់ជាតិសាសន៍ ព្រោះកម្ពុជាមានតំបន់ទេសចរណ៍សំបូរបែប ជាពិសេសតាមរយ:ការបង្ហាញការអភិវឌ្ឍន៍រីកចំរើនរបស់រាជរដ្ឋាភិបាល។ លោកបន្ថែមថា បើសិនរាជរដ្ឋាភិបាល បើកជើងហោះហើរត្រង់មកកាន់ខេត្ដសៀមរាប មកកាន់ប្រទេសកម្ពុជាតែម្ដង ក៏ធ្វើឱ្យភ្ញៀវទេសចរកាន់មានភាពងាយស្រួល និងចំណាយតិចក្នុងការធ្វើទេសចរណ៍។ (…សម្លេងលោក អ៊ុន សាវ៉ាន់…០១ ) ។

ដោយឡែកអ្នកលក់វត្ថុអនុវស្សាវរីយ៍មួយរូបទៀត នៅផ្សារផលិតផលកម្ពុជា លោក រើន រ៉ា បានឱ្យដឹងថា លោកក៏សង្ឃឹមថា នៅពេលឆាប់ៗខាងមុខនេះ ខេត្ដសៀមរាបនឹងសំបូរភ្ញៀវទេសចរដូចកាលពីមុនឆ្នាំ២០២០ដែរ។ ការកើនឡើងនូវអ្នកទេសចរនឹងធ្វើអោយជីវភាពប្រជាពលរដ្ឋនៅខេត្ដនេះ កាន់តែប្រសើរឡើង ខណ:ដែលប្រជាពលរដ្ឋខេត្ដសៀមរាប ៩០ភាគរយរំពឹងលើវិស័យទេសចរ។ (…សម្លេងលោក រើន រ៉ា..០២ ) ។

កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា តាមការគ្រោងទុកអាកាសយានដ្ឋានអន្តរជាតិនេះ នឹងចាប់ផ្តើមដំណើការនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ខណ:ដែលអាកាសយានដ្ឋានដ៏ធំមួយនេះចាប់ដំណើការ គេរំពឹងថា វានឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័

យទេសចរណ៍។ អ្នកនាំពាក្យបន្ថែមថា ក្នុងដើមខែកក្កដា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកអ្នកដំណើរជាតិនិងអន្តរជាតិ និងទំនិញ ជាមធ្យម មានចលនាហោះហើរទ្វេទិស ៨៥០ជើងក្នុងមួយសប្ដាហ៍ ចេញ និងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ២៦ ដែលកំពុងតភ្ជាប់ជើងហោះហើរឡើងវិញ ជាមួយប្រទេសអាស៊ានទាំង៩ ចិន កូរ៉េខាងត្បូង រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងកាតា ពោលសកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បាន ៥០% ប្រៀបធៀបឆ្នាំ២០១៩ មុនវិបត្តិជំងឺកូវីដ-១៩៕ អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន

ប្រភព៖ ក្រសួងព័ត៌មាន