វៀតណាម ប្រមូលពន្ធបានជាង ១៦០លានដុល្លារ ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗចំនួន ៥៩ រួមទាំង Facebook និង TikTok ក្នុងឆមាសទី១នៃឆ្នាំនេះ
អាជីវកម្ម July 25, 2023 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ប្រទេសវៀតណាមបានប្រមូលពន្ធចំនួន ៣.៩៤ ពាន់ពាន់លានដុង (១៦៦.៥ លានដុល្លារអាមេរិក) ពីវេទិកាអនឡាញបរទេសចំនួន ៥៧ ក្នុងនោះក៏មាន៖ Google, Apple, Facebook, Netflix និង TikTok ក្នុងឆមាសទីមួយនៃឆ្នាំនេះ។

ប្រភពដដែលបានឱ្យដឹងថា ក្នុងចំណោមចំនួនសរុបខាងលើ ទឹកប្រាក់ចំនួន ៣.៤ ពាន់ពាន់លានដុង ត្រូវបានបង់ដោយផ្ទាល់តាមរយៈវិបផតថល (portal) នៃអគ្គនាយកដ្ឋានពន្ធដារ (GDT) ដែលត្រូវបានបង្កើតឡើងកាលពីខែមីនាឆ្នាំមុន ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុនយក្សឆ្លងព្រំដែនក្នុងការបង់ពន្ធរបស់ពួកគេនៅក្នុងប្រទេសវៀតណាម។ ដោយឡែកទឹកប្រាក់ដែលនៅសល់ ត្រូវបានបង់ដោយតំណាងរបស់ពួកគេនៅប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ GDT ក៏បាននិយាយផងដែរថា ប្រាក់ចំណូលពន្ធពីវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ឈានដល់ ២៤៦ ពាន់លានដុង ស្មើនឹង ៣៤ នៃប្រាក់ចំណូលឆ្នាំ២០២២៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress