ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនល្បីៗ កំពុងសម្រុកទៅវិនិយោគនៅប្រទេសថៃក្នុងរង្វង់ទឹកប្រាក់រាប់ពាន់លានដុល្លារ
អាជីវកម្ម July 19, 2023 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន កំពុងសម្រុកទៅកាន់ប្រទេសថៃជាមួយនឹងការវិនិយោគក្នុងរង្វង់ទឹកប្រាក់ជាច្រើនពាន់លានបាត ដែលនេះនឹងជួយជំរុញគោលដៅរបស់ប្រទេសថៃ ក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្ម រថយន្តអគ្គិសនី នៃតំបន់អាស៊ីអាគ្នេយ៍។

រលកនៃការវិនិយោគថ្មីនេះ បានកើតឡើងបន្ទាប់ពីប្រទេសថៃបានដាក់ចេញនូវការលើកទឹកចិត្តក្នុងការដេញថ្លៃ ដើម្បីទាក់ទាញក្រុមហ៊ុនផលិតរថយន្តចិន ជាមួយនឹងមហិច្ឆតា ដើម្បីប្រែក្លាយផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ខ្លួនប្រមាណ ៣០% ទៅជារថយន្តអគ្គិសនី នៅឆ្នាំ២០៣០។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តចិនធំៗ និងល្បីឈ្មោះដែលចូលមកបោះទុនវិនិយោគនៅក្នុងប្រទេសថៃ រួមមាន៖ ក្រុមហ៊ុន Great Wall Motor (GWM) ខណៈក្រុមហ៊ុននេះក៏កំពុងនាំយកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដូចជា MIND Electronics, HYCET និង Nobo Auto មកវិនិយោគនៅថៃផងដែរ, ក្រុមហ៊ុន Shanghai Automotive Industry Corporation (SAIC Motor), ក្រុមហ៊ុន BYD , ក្រុមហ៊ុន Hozon New Energy Automobile។ ទន្ទឹមនឹងនេះដែរ យោងតាមក្រុមប្រឹក្សាវិនិយោគ (BOI) បានឱ្យដឹងថា មានកិច្ចព្រមព្រៀងវិនិយោគ EV ជាច្រើនទៀតដែលពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតរថយន្តចិនកំពុងដំណើរការ ទាំងនេះរួមមាន៖ Chongqing Changan Automobile, GAC Aion , Chery Automobile និង Geely៕

អត្ថបទ៖ លីនី
ប្រភព៖ The Nation Thailand