ទេសាភិបាលរងធនាគារជាតិ ពន្យល់លម្អិតទៅលើការព្រួយបារម្ភរបស់ពលរដ្ឋខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា
ហិរញ្ញវត្ថុ July 17, 2023 Khmernote

កាលពីពេលថ្មីនេះ មានប្រជាពលរដ្ឋជាច្រើនបានសម្ដែងការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិនបានចុះអនុស្សរណ:យោគយល់គ្នាកាលពីពេលថ្មីៗនេះ។

ទាក់ទិនទៅនឹងការព្រួយបារម្ភនេះ លោក លោក ជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានធ្វើការពន្យល់យ៉ាងលម្អិត ថា៖ « កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណៈយោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន។ ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។
យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណៈនោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន ឬហៅសាមញ្ញ ក្រដាសលុយយ៉ន់ចិនមកចាយនៅកម្ពុជាទេ។ កន្លងមកធនាគារជាតិនៃកម្ពុជាតែងតែជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយ ក៏ដូចជាជំរុញការប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះយើងក៏មិនធ្វើអ្វីឱ្យខុសពីគោលបំណងនេះដែរ។ អនុស្សរណ:នេះជំរុញឱ្យទេសចរចិនដែលមកលេងស្រុកខ្មែរទូទាត់តាមទូរស័ព្ទរបស់គាត់ដោយប្រើ mobile app របស់ធនាគារគាត់ស្កេនលើ KHQR អ្នកលក់នៅស្រុកខ្មែរ។ ដូចបង្ហាញក្នុងក្រាហ្វខាងក្រោម តាមរយៈការ scan នេះគឺគាត់បញ្ជាឱ្យធនាគារគាត់នៅស្រុកចិនដកប្រាក់សន្សំរបស់គាត់ដែលសន្សំជាប្រាក់យ៉ន់ ឱ្យទូទាត់ឱ្យអ្នកលក់នៅស្រុកខ្មែរជាប្រាក់រៀល (សូមបញ្ជាក់ថាប្រជាជនចិន គេសន្សំ និងទូទាត់ជារូបិយវត្ថុជាតិគេ និងមិនប្រើដុល្លារអាមេរិកទូលំទូលាយដូចស្រុកយើងទេ)។ ដូច្នេះ ធនាគារស្រុកចិនត្រូវធ្វើការប្តូរប្រាក់ពីលុយយ៉ន់ មកលុយរៀលសិនទើបផ្ញើមកគណនីអ្នកលក់នៅស្រុកខ្មែរ។ ប្រតិបត្តិការនេះធ្វើទៅបានលុះត្រាតែអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀលទើបធ្វើបាន។ អ្នកលក់ដែលមិនចង់ទទួលការទូទាត់ជាប្រាក់រៀល មិនអាចទទួលផលប្រយោជន៍ពីយន្តការនេះបានទេ។ ក្នុងករណីនេះទេសចរណ៍ចិន អាចសម្រេចចិត្តមិនទិញទំនិញរបស់ហាងនោះ ឬក៏អាចត្រូវទៅធនាគារដកប្រាក់ដុល្លារមកទូទាត់។ ការណ៍នេះនឹងជំរុញឱ្យអ្នកលក់ស្រុកខ្មែរទទួលការទូទាត់ជាប្រាក់រៀល បើគាត់ចង់ទាក់ទាញទេសចរចិនចូលហាងគាត់។ ចុងក្រោយក៏ជំរុញការចរាចរប្រាក់រៀលក្នុងសេដ្ឋកិច្ចកាន់តែច្រើន។

លោកជំទាវ ក៏បានគូសបញ្ជាក់ផងដែរថា៖ «ចំពោះទេសចរខ្មែរទៅស្រុកចិន យើងអាចចាយដូចទេសចរចិនមកចាយនៅស្រុកខ្មែរបាន ដោយប្រើ app Bakong ស្កេនលើ QR អ្នកលក់នៅស្រុកចិន។ ពេលនោះ ធនាគារខាងខ្មែរត្រូវប្តូរប្រាក់សន្សំជាប្រាក់រៀល ទៅជាប្រាក់យ៉ន់សិនមុនទូទាត់ឱ្យអ្នកលក់ស្រុកចិន។ ចំពោះប្រជាជនខ្មែរដែលមិនមានគណនីជាប្រាក់រៀល ពួកគាត់មិនអាចទូទាត់របៀបអេឡិចត្រូនិកតាមទូរស័ព្ទបានទេ។ យ៉ាងណាគាត់នៅតែអាចចាយជាក្រដាសប្រាក់ឬមធ្យោបាយផ្សេងៗដូចសព្វថ្ងៃបាន។ ការណ៍នេះក៏នឹងជំរុញប្រជាពលរដ្ឋខ្មែរដែលមិនមានប្រាក់សន្សំជាប្រាក់រៀលឱ្យទៅបើកប្រាក់សន្សំជាប្រាក់រៀលដើម្បីទទួលផលប្រយោជន៍នៃអនុស្សរណ:នេះ និងចុងក្រោយជម្រុញចរាចរណ៍ប្រាក់រៀលក្នុងស្រុក។ វិធានការណ៍ខាងលើគឺធ្វើឡើងដើម្បីលើកកម្ពស់ប្រាក់រៀល និងលើកកិត្យានុភាពប្រាក់រៀលនិងមុខមាត់ប្រទេសកម្ពុជាក្នុងវិស័យទូទាត់អេឡិចត្រូនិក លើឆាកអន្តរជាតិ »៕

អត្ថបទ៖ លីនី