អាជីវកម្មធ្វើរូបចម្លាក់ព្រះពុទ្ធបដិមាករ នៅតែទទួលបានការគាំទ្រ និងជាអាជីវកម្មមួយដ៏ល្អ បំផុតនៅក្នុងការរកប្រាក់ចំណូល
អាជីវកម្ម July 13, 2023 Khmernote

(កំពង់ធំ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣៖) យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការប្រកបអាជីវកម្មធ្វើរូបចម្លាក់ព្រះពុទ្ធបដិមាករ ដើម្បីជាវជូនទៅដល់ញាតិញោមដែលជាប្រជាពុទ្ធបរិស័ទក្នុងនាម ជាអ្នកកាន់ព្រះពុទ្ធសាសនានៅតែជាអាជីវកម្មមួយដ៏ល្អ បំផុតនៅក្នុងការរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ក្នុងសង្គមគ្រួសារ។

ទាក់ទងទៅនឹងការប្រកបអាជីវកម្មសាងសង់រូបព្រះពុទ្ធបដិមាករជាវនេះផងដែរ។ បើគេធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះមកកាន់ខេត្តកំពង់ធំតាមដងផ្លូវជាតិលេខ6A ចំណុចស្រុកសន្ទុកនៅអមសងខាងផ្លូវជាតិ គេបានប្រទះឃើញមានរូបបដិមាករគ្រប់ប្រភេទ ពីសកម្មភាពនៅក្នុងការឆ្លាក់រូបព្រះពុទ្ធបដិមាករដ៏ស្រស់ស្អាតផូរផង់ ដើម្បីទុកតម្កល់និងជាវទៅឱ្យពុទ្ធបរិស័ទចំណុះជើងវត្តដែលមានសទ្ធាជ្រះថ្លាជាវយកទៅដាក់តាមទីវត្តអារាមនានាក្នុងប្រទេសកម្ពុជាយើង ដើម្បីទុកជាទីសក្ការៈបូជារំលឹកនឹកទៅដល់ព្រះបរមៈគ្រូនៃយើង។

លោកស្រី ហៃ ទែក ដែលជាម្ចាស់អាជីវកម្មរស់នៅក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានរៀបរាប់ពីការប្រកបមុខរបរចម្លាក់ថ្ម រូបព្រះពុទ្ធបដិម។ លោកស្រីបានប្រកបមុខរបរនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ។ ការប្រកបមុខរបរចម្លាក់ថ្មរូបព្រះពុទ្ធបដិមាករដើម្បីជាវជូនញាតិញោម ប្រជាពុទ្ធបរិស័ទក៏ដូចជាជាវជូនទីវត្តអារាមនានានៅក្នុងប្រទេសកម្ពុជាគឺមានភាពល្អប្រសើរណាស់ ចំពោះអាជីវកម្មរបស់លោកស្រីក្នុងការរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ។

លោកស្រី ហៃ ទែក បានបន្តឱ្យដឹងទៀតថារូបព្រះពុទ្ធបដិមាករ ក៏ដូចជារូបចម្លាក់បារមីផ្សេងៗដែលក្រុមជាងរបស់លោកស្រីបានឆ្លាក់នោះមានដូចជារូបសំណាងលោកយាយម៉ៅ លោកតាដំបងដែក លោកតាក្រហមក និងរូបសំណាងបារមីផ្សេងៗជាច្រើនមុខទៀត គឺមានចាប់ពីតម្លៃ១០ដុល្លារ ២០ដុល្លារ ១០០ដុល្លារ ព្រមទាំងមានតម្លៃ ១ម៉ឺនរហូតដល់ជាង២ម៉ឺនដុល្លារ ក៏មានទៀតផងដែរ ទៅតាមរូបចម្លាក់ព្រះពុទ្ធបដិមាករធំនិងតូចតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា លោកស្រីបានទទួលប្រាក់ក្នុងការជាវរូបចម្លាក់ និងរូបព្រះពុទ្ធបដិមាករផ្សេងៗក្នុងមួយថ្ងៃអាចទទួលបានប្រាក់ពី១០០ ទៅ២០០ដុល្លារជាប្រចាំផងដែរ៕​

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ