យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ ត្រូវបានគ្របដណ្តប់ ដោយវិស័យធនាគារ ក្នុងនោះ ៨៥ភាគរយ នៃទ្រព្យសកម្មសរុប និងបានរួមចំណែកយ៉ាងសកម្មក្នុងការ គាំទ្រ សកម្មភាពសេដ្ឋកិច្ច។
លោកជំទាវ ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា អះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានស្ថិរភាពរឹងមាំ ដោយឥណទានមានកំណើន១៦,៣ភាគរយ ដែលត្រូវបានផ្តល់ទៅកាន់គ្រប់វិស័យ នៃសេដ្ឋកិច្ច ដោយមិនមានការប្រមូលផ្តុំលើវិស័យណាមួយខ្លាំងនោះទេ។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២២ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ បានបញ្ជាក់ថា បន្ទាប់ពីការបញ្ចប់វិធានការបន្ធូរបន្ថយបទប្បញ្ញតិ ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩ ឥណទានមិនដំណើរការបានកើនឡើងពី២,១ភាគរយ ដល់២,៩ភាគរយ ដែលបន្តស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ សន្ទនីយភាព និងដើមទុនមានកម្រិតខ្ពស់ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាប្រព័ន្ធធនាគារទាំងមូល អាចឆ្លើយតបនឹងតម្រូវ ការសាច់ប្រាក់របស់អតិថិជនបានគ្រប់គ្រាន់ និងគ្រប់គ្រងហានិភ័យមានប្រសិទ្ធភាព។
លោកជំទាវ ជា សិរី បន្តថា វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានបន្តរីកចម្រើនជាលំដាប់ ជាមួយនឹង មូលធនូបនីយកម្មទីផ្សារមូលបត្រកម្មសិទ្ធិនិងមូលបត្របំណុល កើនដល់ ៧,៥ទ្រីលានរៀល និង ៥១៥ប៊ីលានរៀល រៀងគ្នា ព្រមទាំងបុព្វលាភធានារ៉ាប់រងសរុបបានកើន ១០,៧ភាគរយ ដល់១,៤ ទ្រីលានរៀល។ ជាមួយគ្នានេះ ការចេញផ្សាយមូលបត្របំណុលរបស់រដ្ឋជាប្រាក់រៀល ក៏ជាចំណុច ចាប់ផ្តើមដ៏សំខាន់មួយក្នុងការរួមចំណែកអភិវឌ្ឍន៍ទីផ្សារហិរញ្ញវត្ថុកម្ពុជា ដោយបានបន្ថែមប្រភពមូលនិធិ សម្រាប់ថវិការដ្ឋ និងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញដែរថា ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ បានលើក កម្ពស់ប្រសិទ្ធភាពនៃការទូទាត់ សម្រួលដល់ប្រតិបត្តិការឆ្លងគ្រឹះស្ថាន ជំរុញសកម្មភាពសេដ្ឋកិច្ច និង បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ជាក់ស្តែង ចំនួនគណនីកាបូបអេឡិចត្រូនិក បានកើនឡើងដល់ ១៩,៥លានគណនី ហើយទំហំនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក បានកើនដល់ជាង១០ដង នៃ ផលិតផលសរុបក្នុងស្រុក ហៅកាត់ថា ផ.ស.ស (GDP)៕
ប្រភព៖ ក្រសួងព័ត៌មាន