ក្រុមហ៊ុនយក្ស Panasonic រើទីតាំងរោងចក្រផលិតឧបករណ៍ស្វ័យប្រវត្តិពីចិន និងជប៉ុន ទៅដាក់នៅប្រទេសថៃ
អាជីវកម្ម July 7, 2023 Khmernote

ក្រុមហ៊ុនអេឡិចត្រូនិក និងគ្រឿងអគ្គិសនីយក្ស Panasonic កំពុងផ្លាស់ប្តូរមូលដ្ឋានផលិតឧបករណ៍ស្វ័យប្រវត្តិរបស់ខ្លួនពីប្រទេសចិន និងជប៉ុន ទៅកាន់ប្រទេសថៃ នេះបើយោងតាមការលើកឡើងរបស់ក្រុមប្រឹក្សាភិបាលវិនិយោគថៃ ហៅកាត់ថា (BOI)។

តាមប្រភពខាងលើ ថ្មីៗនេះ ក្រុមហ៊ុន Panasonic Industrial Devices Thailand Co Ltd ដែលជាក្រុមហ៊ុនមកពីប្រទេសជប៉ុន និងចិន ដែលផលិតឧបករណ៍វាស់ស្ទង់អេឡិចត្រូនិច និងឧបករណ៍ស្វ័យប្រវត្តិកម្ម ដូចជាឧបករណ៍បញ្ជាតក្កវិជ្ជាដែលអាចសរសេរកម្មវិធីបាន (PLC) បានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសថៃ។ ទាំងនេះ គឺជាផលិតផលដែលមានបច្ចេកវិជ្ជាទំនើប ហើយត្រូវការកម្លាំងពលកម្មជំនាញ ហេតុដូច្នេះហើយនឹង​នាំឱ្យ​មាន​ការ​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ដើម​កាន់​តែ​ខ្ពស់ និង​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួល​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ថៃ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Panasonic Group នៅក្នុងប្រទេសថៃ បានកាន់កាប់រោងចក្រចំនួន ១១ ក្នុងនោះរោងចក្រទំហំធំមានចំនួន ៤ ដែលស្មើនឹង ៨០% នៃការលក់សរុបរបស់ក្រុមហ៊ុន និងរោងចក្រខ្នាតតូចចំនួន ៧ ដែលមានចំនួន ២០% គិតត្រឹមឆ្នាំ២០២០។ ក្នុងចំណោមរោងចក្រខ្នាតតូចនៅក្នុងប្រទេសថៃ រោងចក្រចំនួនបីបានបិទជាបណ្តើរៗ ដើម្បីបញ្ចូលគ្នាជាមួយរោងចក្រធំៗដែលផលិតផលិតផលដូចគ្នា។

បើតាមលោក Narit Therdsteerasukdi អគ្គលេខាធិការ (BOI)ការបិទរោងចក្ររបស់ក្រុមហ៊ុន Panasonic Eco Solutions Co Ltd នៅខេត្ត Samut Prakan កាលពីខែមុន គឺជាផ្នែកនៃការរៀបចំរចនាសម្ព័ន្ធ និងផែនការយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុនមេ Panasonic នៅប្រទេសជប៉ុន ពោលគឺបិទរោងចក្រតូច​ បង្កើតរោងចក្រធំៗ និងបង្កើនសមត្ថភាពផលិតវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand