មិនធម្មតា! តម្លៃទឹកម្ទេស Sriracha របស់មហាសេដ្ឋីវៀតណាម ឡើងថ្លៃដល់ ១ដបចន្លោះពី ៤០ ទៅ ៦០ដុល្លារ នៅសហរដ្ឋអាមេរិក
អាជីវកម្ម July 5, 2023 Khmernote

តម្លៃទឹកម្ទេសដ៏ពេញនិយមមួយឈ្មោះថា Sriracha បានកើនឡើងរហូតដល់ ៨ដងនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែកង្វះ ម្ទេសក្រហម (jalapeños) ដែលជាសារធាតុផ្សំដ៏សំខាន់ ដែលបណ្ដាលមកពីគ្រោះរាំងស្ងួត។ ទឹកម្ទេសដ៏ល្បីនេះត្រូវបានផលិតដោយក្រុមហ៊ុន Huy Fong Foods ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីជនជាតិវៀតណាមលោក David Tran និងត្រូវបានលក់ក្នុងតម្លៃ ៤០ដុល្លារក្នុងមួយដបសម្រាប់ចំណុះ ៥០០ ក្រាមនៅលើ eBay ខណៈកាលពីមុនវាមានតម្លៃត្រឹមតែ ៥ ដុល្លារប៉ុណ្ណោះ ហើយសម្រាប់ចំណុះដប ៨០០ក្រាម ត្រូវបានលក់ក្នុងតម្លៃ ៦០ ដុល្លារ។

ជាមួយគ្នានេះដែរ តម្លៃទឹកម្ទេសមួយប្រភេទនេះ នៅក្នុងហាងដែលនាំចូលរាប់ពាន់ដបក្នុងមួយឆ្នាំៗពីរដ្ឋកាលីហ្វ័រញ៉ា ក៏កើនឡើងដូចគ្នាដោយសារតែការផ្គត់ផ្គង់នៅតែខ្វះខាត។ ហើយថ្មីៗនេះ Huy Fong Foods បានប្រាប់ CNN ថា ក្រុមហ៊ុននៅតែជួបប្រទះការខ្វះខាតវត្ថុធាតុដើមដដែល ខណៈការខ្វះខាត ម្ទេសក្រហម (jalapeños) បានកើតឡើងអស់រយៈពេលបីឆ្នាំកន្លងមកហើយ។

គួរបញ្ជាក់ផងដែរថា ទឹកម្ទេស Sriracha របស់ Huy Fong ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨០ ដោយលោក David Tran ដែលជាជនភៀសខ្លួន ត្រូវបានលក់នៅក្នុងហាងលក់រាយដ៏ពេញនិយមដូចជា Target និង Whole Foods ។ ហើយកាលពីឆ្នាំមុន ក្រុមហ៊ុន​បាន​បញ្ឈប់​ការ​បញ្ជា​ទិញ​ពីដៃគូចែកចាយជា​បណ្ដោះ​អាសន្ន​ដោយ​សារ​កង្វះ​ខាតធាតុផ្សំ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតផល Chili Garlic និង Sambal Oelek របស់​ខ្លួន​៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress