ក្រុមហ៊ុនផលិតរថយន្តរបស់ចិន ដាក់លក់រថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃបំផុតក្នុងប្រទេសវៀតណាម
អាជីវកម្ម July 1, 2023 Khmernote

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន Wuling បានដាក់លក់ជាផ្លូវការនូវរថយន្តអគ្គិសនីដែលមានតម្លៃធូរថ្លៃបំផុតក្នុងប្រទេសវៀតណាម។ រថយន្ត​អគ្គិសនី​ខ្នាតតូច​ ដែល​ទើប​នឹង​ចេញ​ថ្មី​ ត្រូវ​បាន​ដាក់​លក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងតម្លៃចាប់ពី ២៣៩ លាន​ដុង (ប្រមាណ ១០.១៣៩ ដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

រថយន្តអគ្គិសនីដ៏តូចច្រឡឹងមួយនេះ មានឈ្មោះថា Wuling Hongguang Mini EV ត្រូវបានដំឡើងនៅក្នុងខេត្ត Hung Yen ភាគខាងជើងប្រទេសវៀតណាម គឺជារថយន្តអគ្គិសនីតូចបំផុតមួយនៅក្នុងប្រទេស។ រថយន្តមួយនេះ សាកថ្មតែម្ដងអាចបើកបរបានចម្ងាយ ១២០-១៧០ គីឡូម៉ែត្រ ហើយការសាកប្រើពេលពីចន្លោះ ៦ ម៉ោងកន្លះ ទៅ ៩ម៉ោង។

លើសពីនេះ រថយន្តនេះអាចរត់ក្នុងល្បឿនអតិបរមា ១០០គីឡូម៉ែត្រក្នុងមួយម៉ោង រួមទាំងបំពាក់អេក្រង់ប្រាំពីរអ៉ិញសម្រាប់អ្នកបើកបរដើម្បីត្រួតពិនិត្យរថយន្តផងដែរ។ យ៉ាងណាមិញ អ្នក​ចែក​ចាយ​គ្រោង​នឹង​ទទួលបាន​រថយន្ត​សម្រាប់លក់ចាប់​ពី​ខែ​កញ្ញា​នេះ៕

អត្ថបទ៖ លីនី