USAID មរតកបៃតង៖ ការប្រើសត្វអង្រ្កង កម្ចាត់សត្វល្អិត ជួយបង្កើនផលិតផលស្វាយចន្ទី
អាជីវកម្ម June 27, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកដាំដំណាំស្វាយចន្ទីប្រឈមមុខនឹងបញ្ហាទទួលបានទិន្នផលទាប និង គ្រាប់ស្វាយចន្ទីមិនសូវមានគុណភាពល្អ ដោយសារមានការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ។ មានសត្វល្អិតចម្បងៗចំនួនបួនដែលបំផ្លាញដំណាំស្វាយចន្ទីដ៏គួរឱ្យបារម្ភ គឺ ស្រឹងមូសតែ ដង្កូវស៊ីគ្រាប់ស្វាយចន្ទី ដង្កូវស៊ីរូង និងឬសគ្រាប់ស្វាយ ចន្ទី និង ទ្រីបផ្កា។

លោក សៀង កាន ទីប្រឹក្សាជាន់ខ្ពស់ផ្នែកខ្សែច្រវាក់តម្លៃ ដែលមានឯកទេសខាងបច្ចេកទេសប្រើភ្នាក់ងារការពារជីវសាស្ត្រ សម្រាប់គ្រប់គ្រងដំណាំ បានឱ្យដឹងនៅថ្ងៃចន្ទ ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ USAID មរតកបៃតង បានផ្តល់ការបណ្តុះបណ្តាលដល់កសិករ ដើម្បីកសាងជំនាញបច្ចេកទេស ដល់អ្នកដាំដំណាំស្វាយចន្ទីចំនួន ២១៨នាក់ លើការប្រើប្រាស់សត្វអង្ក្រង ជាភ្នាក់ងារការពារជីវសាស្ត្រ ដើម្បីទប់ស្កាត់សត្វល្អិតចង្រៃផ្សេងៗ ។ កម្មវិធីនេះរួមបញ្ចូលនូវកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ដោយអ្នកប្រឹក្សាជំនាញផ្នែកដំណាំស្វាយចន្ទីផងដែរ ដោយផ្តោតលើបច្ចេកទេស ដែលមិនប៉ះពាល់ដល់បរិស្ថាន។

ការប្រើប្រាស់ភ្នាក់ងារការពារជីវសាស្រ្តដូចជា សត្វអង្ក្រង ដើម្បីដោះស្រាយបញ្ហាសត្វល្អិត និង ជំងឺផ្សេងៗ ដែលជាមូលហេតុនៃទិន្នផលទាបរបស់កសិករ និង ជំរុញឱ្យមានការផ្លាស់ប្តូរពីផលិតកម្មធម្មតាទៅជាផលិតកម្មគ្រាប់ស្វាយចន្ទីសរីរាង្គ នាពេលអនាគតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន