ដំណឹងល្អដល់កសិករព្រះវិហារ ខណៈក្រុមហ៊ុនធំៗ ចំនួន២ បន្ដចុះកិច្ចសន្យាបញ្ជាទិញស្រូវ និងដំឡូងមីសរីរាង្គ ធ្វើការកែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ
អាជីវកម្ម June 24, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្រូវនិងដំឡូងមីសរីរាង្គរបស់កសិករក្នុងខេត្តព្រះវិហារ ដែលគេចាត់ទុកថាជាផលិតផលកសិកម្ម សរីរាង្គធំជាងគេនៅកម្ពុជា ត្រូវបានក្រុមហ៊ុនធំៗចំនួន២បន្ដចុះកិច្ចសន្យា ទទួលទិញពីសហគមន៍កសិកម្មចំនួន៣១ នៅក្នុងខេត្តព្រះវិហារ លើបរិមាណសរុប ៤៣ ៧៧០ តោន ក្នុងរដូវកាលឆ្នាំ២០២៣នេះ សម្រាប់ធ្វើការកែច្នៃវេចខ្ចប់នាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ។

ក្រុមហ៊ុនទាំងពីរនេះ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍កម្ពុជា ចុះកិច្ចសន្យាទិញស្រូវសរីរាង្គ លើបរិមាណសរុប ១៦ ០០០តោន និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា ចុះកិច្ចសន្យាទិញដំឡូងមីសរីរាង្គលើបរិមាណសរុប ២៥ ០០០តោន និងសណ្តែកដីសរីរាង្គ លើបរិមាណសរុប ១០តោន។

លើសពីនេះ ក្រុមហ៊ុនអេមរុរ៉ាយស៍ក៏បានផ្តល់ឥណទានពូជស្រូវផ្កា រំដួលចុះបញ្ជីប្រមាណជា ៥៩ ៤០០ គីឡូក្រាម សម្រាប់ការដាំដុះក្នុងឆ្នាំ២០២៣នេះ ដើម្បីរួមចំណែក ក្នុងការបង្កើនទិន្នផល និងគុណភាពអង្ករសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

កិច្ចសន្យាទិញលក់ស្រូវនិងដំឡូងមីសរីរាង្គនេះ ត្រូវបានរៀបចំឡើងនៅសាលប្រជុំ សាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកដែលពាក់ព័ន្ធ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២២កន្លងមកនេះ យើងមានកសិផលសរីរាង្គសរុបចំនួន ២៨ ០០០តោន ត្រូវបានផលិត និងផ្គត់ផ្គង់ តាមកិច្ចសន្យា ពីកសិករប្រមាណជាង៥ ០០០គ្រួសារ ក្នុងនោះរួមមាន ស្រូវសរីរាង្គ ចំនួន ១៥ ០៨០តោន, ដំឡូងមីសរីរាង្គ ១៣ ០០០តោន, និងសណ្ដែកដីសរីរាង្គ ចំនួន៥ តោន។ ហើយក្នុងចំណោមលទ្ធផលនៃ កិច្ចសន្យាដែលសម្រេចបានខាងលើក្រុមហ៊ុនអេមរុរ៉ាយស៍ និង ក្រុមហ៊ុនស៊ីអេស៊ីស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុតក្នុងការទទួលទិញកសិផលពីកសិករក្នុងខេត្តព្រះវិហារ ដែលអាចនិយាយបានថាជាង ៩០%នៃលទ្ធផលនេះ បានមកពីការបញ្ជាទិញ របស់ក្រុមហ៊ុនទាំងពីរនេះ។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា ប្ដេជ្ញាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការជម្រុញការផ្សព្វផ្សាយ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាបំផុត ក្នុងគោលដៅធ្វើយ៉ាង ណាឱ្យអង្ករព្រះវិហារ កាន់តែមានកេរ្ដិ៍ឈ្មោះល្បីនៅឆាកអន្ដរជាតិ។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងសហការគ្នាបានយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវក្នុងក្របខណ្ឌកសិកម្មតាមកិច្ចសន្យា ដែលអាច ចាត់ទុកថាជាខ្សែបន្ទាត់ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះ ទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរ លើគោលការណ៍សំខាន់ ៣គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព ផលិតផល ធានាបាននូវតម្លៃ សាមគ្គីភាព កិច្ចសហការ ជំនឿទុកចិត្ត និងផ្ដល់ផល ប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ដើម្បីជម្រុញឲ្យវិស័យកសិកម្ម នៅក្នុងខេត្តព្រះវិហារ នឹងក្លាយជាកសិកម្ម បែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល ដើម្បីសម្រេចបាននូវគោល នយោបាយ ជម្រុញផលិតកម្មស្បៀង និងការនាំចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយបង្កើននូវ កំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើនប្រាក់ចំណូល ផ្ទាល់ដល់ក្រុមកសិករជាអ្នកផលិត៕

ប្រភព៖ ក្រសួងព័ត៌មាន