មិនធម្មតា! ក្រុមហ៊ុនថៃ CP Foods កំពុងបោះជំហានយ៉ាងធំសម្បើម គឺនាំយកផលិតផលមាន់របស់ខ្លួនទៅកាន់លំហ
អាជីវកម្ម June 22, 2023 Khmernote

ក្រុមហ៊ុនផលិតចំណីអាហារដ៏ធំមួយរបស់ប្រទេសថៃ CP Foods ត្រូវបានអនុញ្ញាតឱ្យនាំយកផលិតផលមាន់របស់ខ្លួន ដាក់បម្រើនៅក្នុងអាហារថ្នាក់អវកាស ពោលគឺសម្រាប់អវកាសយានិកនៅក្នុងលំហ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thialand នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។

យោងតាមប្រភពខាងលើ មាន់របស់ក្រុមហ៊ុន CP Foods នឹងដាក់នៅក្នុងមុខ​ម្ហូប​ដំបូង​ដែល​នឹង​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​ទៅ​ក្នុង​លំហ​ ហើយក៏​ជា​ម្ហូប​ថៃផងដែរ ​ដោយ​មាន​ឈ្មោះ​ថា “Thai Holy Basil with Chicken”។ ការឆ្ពោះទៅកាន់លំហរបស់ CP Foods ត្រូវបានគេមើលឃើញថា ជាការកំណត់ឡើងវិញនូវស្តង់ដារឧស្សាហកម្មម្ហូបអាហារពិភពលោក ដោយលើកកំពស់កេរ្តិ៍ឈ្មោះអន្តរជាតិនៃម្ហូបថៃ។

លោក Prasit Boondoungprasert នាយកប្រតិបត្តិនៃក្រុមហ៊ុន CP Foods បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះសុវត្ថិភាព និងគុណភាពនៃសាច់មាន់របស់ខ្លួន។ លោកបាននិយាយថា តាមរយៈការខិតខំបំពេញតាមស្តង់ដារសុវត្ថិភាពអាហារអវកាស CP Foods មានគោលបំណងដាក់ខ្លួនក្នុងចំណោមម៉ាកសាច់ដែលគួរឱ្យទុកចិត្តបំផុតរបស់ពិភពលោក។ នាយកប្រតិបត្តិបានធានាថា CP Foods នឹងដាក់ឱ្យមាន់របស់ពួកគេទទួលការត្រួតពិនិត្យសុវត្ថិភាព និងគុណភាពយ៉ាងល្អិតល្អន់ រួមទាំងការត្រួតពិនិត្យសំណល់ និងសារធាតុកខ្វក់តាមតម្រូវការរបស់ណាសា។

ជាមួយគ្នានេះដែរ ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្តង់ដារសុវត្ថិភាពនៃសាច់មាន់ថៃ និងដើម្បីបំពេញតាមតម្រូវការដ៏តឹងរឹងនៃអាហារថ្នាក់អវកាស ​CP Food បានសហការជាមួយដៃគូសកលលោក Nanoracks Llc និង mu Space and Advanced Technology Co Ltd។

ជាងនេះទៅទៀតនោះ ដើម្បីបំពេញបន្ថែមគំនិតផ្តួចផ្តើមគំនិតថ្មីនេះ CP Foods នឹងរៀបចំវេទិកា “អាហារថៃ – បេសកកម្មទៅកាន់លំហ” ។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំអ្នកជំនាញអន្តរជាតិរួមទាំងអតីតអវកាសយានិករបស់ណាសាលោក Michael Massimino និងអតីតអ្នកវិទ្យាសាស្ត្រអាហាររបស់ណាសា Vickie Kloeris រួមជាមួយនឹងបុគ្គលមកពីផ្នែកអភិវឌ្ឍន៍វិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងបសុសត្វ។

យ៉ាងណាមិញ នៅពេលសួរថាតើមុខម្ហូបថៃអ្វីខ្លះដែលអតីតអវកាសយានិកណាសាចង់ឃើញនៅក្នុងលំហ បន្ទាប់ពីបានពិសោធម្ហូបថៃ លោក Massimino បាននិយាយថា ស៊ុប “Chicken Pad Thai” និង “Thai Coconut Chicken” នឹងជាការបន្ថែមដ៏អស្ចារ្យ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand