លោក Elon Musk និយាយថា Tesla កំពុងស្វែងរកការវិនិយោគនៅប្រទេសឥណ្ឌា ហើយអាចលេចវត្តមានឆាប់ៗនេះ
អាជីវកម្ម June 22, 2023 Khmernote

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ខ្លួន កំពុងស្វែងរកការវិនិយោគនៅក្នុងប្រទេសឥណ្ឌា “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ ការអត្ថាធិប្បាយរបស់គាត់បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងញូវយ៉ក អំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Modi នៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបសសារព័ត៌មាន vnexpress កាលពីថ្ងៃ២០ ខែមិថុនា ឆ្នាំ​២០២៣ ថ្មីៗនេះ។

ឆ្លើយតបទៅកាន់សំណួររបស់អ្នកសារព័ត៌មានអំពីផែនការរបស់ក្រុមហ៊ុន Tesla ក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌា លោក Musk បានលើកឡើងថា “ខ្ញុំមានទំនុកចិត្តថា Tesla នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌា ហើយនឹងកើតឡើងឱ្យបានឆាប់តាមដែលអាចធ្វើបានសម្រាប់មនុស្សជាតិ”។

នាយកប្រតិបត្តិរូបនេះបានបន្ថែមថា៖ “ឥណ្ឌាមានការសន្យាច្រើនជាងប្រទេសធំៗក្នុងពិភពលោក។ លោក (Modi) ពិតជាយកចិត្តទុកដាក់ចំពោះឥណ្ឌា ពីព្រោះគាត់កំពុងជំរុញឱ្យយើងធ្វើការវិនិយោគសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា ដែលជាអ្វីដែលយើងមានបំណងធ្វើ ដោយតែយើងរង់ចាំ និងព្យាយាមរកពេលវេលាត្រឹមត្រូវតែប៉ុណ្ណោះ”។

លើសពីនេះទៅទៀត លោក Musk បានបន្ថែមទៀតថា ប្រទេសឥណ្ឌាមានសក្តានុពលខ្លាំងសម្រាប់ថាមពលនាពេលអនាគតប្រកបដោយនិរន្តរភាព រួមទាំងថាមពលពន្លឺព្រះអាទិត្យ ទីតាំងផលិតអាគុយ និងរថយន្តអគ្គិសនី។ មិនតែប៉ុណ្ណោះ Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX ក៏បាននិយាយថា ខ្លួនសង្ឃឹមថានឹងនាំយកសេវាអ៉ីនធឺណិតផ្កាយរណប Starlink ទៅកាន់ប្រទេសឥណ្ឌាផងដែរ៕

អត្ថបទ៖ លីនី