ប្រធានក្រុមហ៊ុន Ford ប្រាប់ CNN ថា សហរដ្ឋអាមេរិកមិនទាន់អាចប្រកួតប្រជែងជាមួយចិនលើរថយន្តអគ្គិសនីបាននោះទេ
អាជីវកម្ម June 20, 2023 Khmernote

ប្រធានប្រតិបត្តិក្រុមហ៊ុន Ford Motor (F.N) លោក Bill Ford បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីប្រកួតប្រជែងជាមួយប្រទេសចិនក្នុងការផលិតរថយន្តអគ្គិសនីនោះទេ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន VNexpress កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣​ កន្លងទៅនេះ។

លោក លោក Bill Ford បានប្រាប់កម្មវិធី ‘Fareed Zakaria GPS’ របស់ CNN កាលពីថ្ងៃអាទិត្យថា៖ “ប្រទេសចិនបានអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងការផលិតរថយន្តអគ្គិសនី ហើយពួកគេបានអភិវឌ្ឍវាក្នុងទ្រង់ទ្រាយធំ ហើយឥឡូវនេះ ពួកគេក៏កំពុងនាំចេញផងដែរ”។

ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក Bill Ford ដែលជាចៅទួតរបស់ស្ថាបនិកក្រុមហ៊ុន Henry Ford បានបន្តថា៖ “ទោះបី Ford មិនទាន់ជោគជ័យក្នុងចំណុចដូចប្រទេសចិននៅពេលនេះ តែយើងនឹងមកដល់ចំណុចនេះ ខណៈពួកគេបានកំពុងត្រៀមខ្លួនរួចរាល់ផងដែរ”។ លោកបានបញ្ជាក់បន្ថែមថា៖ “រោងចក្រផលិតថ្មនៅរដ្ឋ Michigan គឺជាឱកាសសម្រាប់វិស្វករ Ford ដើម្បីសិក្សាពីបច្ចេកវិទ្យា បន្ទាប់មកប្រើប្រាស់វាដោយខ្លួនឯង”។

ដោយឡែក នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បាននិយាយកាលពីខែឧសភាថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គឺជាគូប្រជែងដ៏សំខាន់របស់ខ្លួននៅក្នុងវិស័យនេះ ហើយក្រុមហ៊ុន Ford ត្រូវការម៉ាកយីហោប្លែកពីគេ ឬតម្លៃទាប ដើម្បីយកឈ្នះក្រុមហ៊ុនផលិតរថយន្តចិន។ គាត់បានបន្ថែមថា៖ “ខ្ញុំគិតថាយើងមើលឃើញក្រុមហ៊ុនចិនជាដៃគូប្រកួតប្រជែងដ៏សំខាន់ មិនមែនក្រុមហ៊ុន GM ឬ Toyota នោះទេ។ ក្រុមហ៊ុនចិននឹងក្លាយជាមហាអំណាច”។

គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសផែនការវិនិយោគ 3.5 ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រអាគុយរថយន្តអគ្គិសនីនៅរដ្ឋ Michigan ក្នុងកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាពីក្រុមហ៊ុនថ្មរបស់ចិន CATL ដោយទាក់ទាញការចាប់អារម្មណ៍ពីសមាជិកព្រឹទ្ធសភាអាមេរិក Marco Rubio ដែលបានស្នើឱ្យរដ្ឋបាល Biden ពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress