ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ជប៉ុន​ ចាប់អារម្មណ៍បង្កើតការិយាល័យនៅខេត្តសៀមរាប និងភ្នំពេញ ដើម្បីជួយសម្រួលឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា
អាជីវកម្ម June 15, 2023 Khmernote

ក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន Japan Dream Tours ចាប់អារម្មណ៍ក្នុងការបង្កើត ការិយាល័យនៅខេត្តសៀមរាប និងរាជធានីភ្នំពេញរបស់កម្ពុជា ដើម្បីជួយសម្រួលធ្វើយ៉ាងណាឱ្យមានភ្ញៀវទេសចរជប៉ុនមកទស្សនានៅកម្ពុជា និងភ្ញៀវទេសចរកម្ពុជាបានទៅទស្សនានៅប្រទេសជប៉ុន។

គោលបំណងរបស់ក្រុមហ៊ុនខាងលើ ត្រូវបានលើកឡើងដោយឯកឧត្ដម Yuji Kumamaru អតីតឯកអគ្គតរាជទូតជប៉ុនប្រចាំកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក និងគណៈប្រតិភូអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា។

សូមជម្រាបជូនថា យោងតាមការបង្ហាញរបស់​ឯកឧត្ដម Yuji Kumamaru ក្រុមហ៊ុន Japan Dream Tours ជាក្រុមហ៊ុនទេសចរណ៍មួយដ៏ធំនៅក្នុងប្រទេសជប៉ុន ដែលមានវត្តមានស្នាក់ការរហូតដល់ ២៥ប្រទេសជុំវិញពិភពលោក ដែលអាចនាំភ្ញៀវទេសចរធ្វើដំណើរកម្សាន្តក្នុងមួយឆ្នាំប្រមាណ ៥ម៉ឺននាក់។

តាមរយៈការលើកឡើងខាងលើនេះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏ថ្លែងអរគុណ និងបានបន្តស្នើឱ្យឯកឧត្ដម Yuji Kumamaru ជួយជំរុញជើងហោះហើរ ANA ឡើងវិញ ខណៈដែលក្រុមហ៊ុន ANA នេះបានផ្អាកជើងហោះហើរដោយសារមានភាពរាំងស្ទះដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបានស្នើលោក Yuji Kumamaru ជួយជំរុញភ្ញៀវទេសចរជប៉ុនឱ្យមកកម្ពុជាឱ្យបានកាន់តែច្រើនផងដែរ៕

អត្ថបទ៖ លីនី