ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់ជប៉ុន Meiko គ្រោងបោះទុន ២០០លានដុល្លារ សង់រោងចក្រនៅវៀតណាម
អាជីវកម្ម June 13, 2023 Khmernote

ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់ជប៉ុន Meiko គ្រោងសាងសង់រោងចក្រនៅភាគខាងជើងខេត្ត Hoa Binh ប្រទេសវៀតណាម ក្រោមទុន 200 លានដុល្លារអាមេរិក ដើម្បីផលិតបន្ទះសៀគ្វីបោះពុម្ព។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress

តាមសារព័ត៌មានដដែល ក្រុមហ៊ុនគ្រោងជួលដីទំហំ ៩.២​ហិកតា នៅក្នុងខេត្តភាគខាងជើងនេះ សម្រាប់រោងចក្រទី៤ របស់ខ្លួននៅក្នុងប្រទេសវៀតណាម។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Meiko បាន​វិនិយោគ​ដំបូង​នៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០០៦ ដោយ​បាន​សាងសង់​រោងចក្រ​នៅ​ជាយក្រុង​ Thach That ក្នុង​ទីក្រុង​ហាណូយ។

បច្ចុប្បន្ននេះ Meiko មានរោងចក្របន្ទះសៀគ្វីបោះពុម្ពចំនួន ៣ នៅក្នុងប្រទេសវៀតណាម ដែលមានតម្លៃ ៥០០លានដុល្លារ និងផ្តល់ការងារដល់មនុស្ស ៧,០០០នាក់។ ក្រុមហ៊ុនអេឡិចត្រូនិកឈានមុខគេមួយរបស់ប្រទេសជប៉ុនមួយនេះ ក៏មានរោងចក្រចំនួនប្រាំនៅក្នុងប្រទេសកំណើតរបស់ខ្លួន និងពីរនៅក្នុងប្រទេសចិនផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress