កសិដ្ឋានដាំបន្លែស្តង់ដារនៃប្រទេសជប៉ុន គ្រោងបើកដំណើរការដាំម្ទេសស្តង់ដារជប៉ុននៅខេត្តសៀមរាប នាំចេញ ៥០០តោនទៅក្រៅប្រទេសជារៀងរាល់ខែ
អាជីវកម្ម June 12, 2023 Khmernote

សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារ បានដឹកនាំក្រុមអ្នកវិនិយោគជនជាតិជប៉ុន ដែលដឹកនាំដោយលោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ចុះទៅពិនិត្យទីតាំងដី ក្នុងគម្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដីចំនួន ៧២ហិកតា ជំហានទី១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

បើតាមលោក NABESHIMA KATSUHITO បានអោយដឹងថា កសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន ដែលគ្រោងនឹងសាងសង់នេះ គឺជាបច្ចេកទេសថ្មី ហើយនឹងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ ខណៈបច្ចុប្បន្ននេះមានអ្នកបញ្ជាទិញ ក្នុងមួយខែៗរហូតដល់ ៥០០តោនជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេ គឺនាំចេញទៅក្រៅប្រទេផងដែរ។ ក្នុងនោះដែរនៅពេលដែលកម្រោងនេះបានដំណើរការ កសិដ្ឋាន ត្រូវការបុគ្គលិកបង្គោល ដើម្បីមើលថែទាំដំណាំម្ទេសដែលមានគុណភាព និងស្តង់ដានាំចេញព្រមទាំងត្រូវការកម្លាំងកម្មករជាច្រើននាក់ ក្នុងការប្រមូលផលកសិដ្ឋាននេះ ដែលវាក៏ជាឱកាសជួយឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។ ហើយចំពោះការដាំដំណាំម្ទេសនេះដែរ សម្រាប់ពលរដ្ឋដែលមានដីសម្រាប់ដាំដំណាំ លោកសន្យាបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជ និងទទួលទិញនូវផលដំណាំរបស់ប្រជាកសិករផងដែរ។

លោក NABESHIMA បានឲ្យដឹងទៀតថា កសិដ្ឋានមួយនេះដែរ អាចដំណើរការទៅបានអាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទើបអាចដំណើរការទៅបានដោយរលូន។ ទៅថ្ងៃអនាគតវានឹងបង្ហាញឲ្យពិភពលោកដឹងថា ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា គឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនឹងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។ សម្រាប់ពេលចាប់ផ្ដើមផលិតបាន យើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេសនៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ាន គឺចូលចិត្តញ៉ាំស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរស់ជាតិ។ ហើយការផលិតទ្រង់ទ្រាយធំបែបនេះក៏ដូចជាការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឱ្យបានឃើញ ប្រទេសកម្ពុជាដែលអាចផលិតបាននូវផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញបានភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន។

លោកក៏សង្ឃឹមថា កសិដ្ឋាននេះដែរ នឹងក្លាយជាគំរូមួយ ដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវ និងរៀនសូត្រពីកសិដ្ឋានបាន។ ហើយក្រុហ៊ុនលោកនឹងធ្វើមួយជំហានម្ដងមួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី ៧២ហិកតា ជាជំហានដំបូង និងធ្វើជំហានបន្តបន្ទាប់ទៀត ដើម្បីឲ្យតម្រូវទីផ្សារនៅក្រៅប្រទេស លោកជឿជាក់ ពេលដែលកសិដ្ឋាននេះបានដំណើរការយើងនឹងមានអ្នកកម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត។ ខណ:តម្រូវការ ៥០០តោន ក្នុងមួយខែគឺយើងត្រូវការផ្ទៃដី ២០០ហិកតា ទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន ៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។

ក្នុងឱកាសនោះផងដែរ លោកពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ ក៏បានថ្លែងការកោតសរសើរចំពោះលោក សោម សមស័ក្ក ដែលបាននាំអ្នកវិនិយោគផ្នែកកសិកម្ម ឱ្យមកវិនិយោគក្នុងមូលដ្ឋានរបស់លោក និងថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគនៅក្នុងស្រុកអង្គរធំខេត្តសៀរាប លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាលដល់ប្រជាកសិករ អោយមានជំនាញតាមបច្ចេកទេស និងមានការងារធ្វើរបានកាន់តែច្រើនថែមទៀតផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ ៖ ធូ កុសល

ប្រភព៖ ក្រសួងព័ត៌មាន