ក្រុមហ៊ុនថាមពលថ្មរបស់ចិនចំនួន ២ កំពុងពិចារណាចាក់ទុនវិនិយោគរាប់រយលានដុល្លារនៅប្រទេសវៀតណាម
អាជីវកម្ម June 10, 2023 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រុមហ៊ុនផលិតប្រព័ន្ធផ្ទុកថាមពល និងថ្ម របស់ចិនចំនួនពីរកំពុងពិចារណាវិនិយោគក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារនៅក្នុងប្រទេសវៀតណាម។ បើតាមប្រភពដែលបានដឹងពីរឿងនេះ បានឱ្យដឹងថា គម្រោងនេះកំពុងត្រូវបានពិភាក្សា ហើយតម្លៃសរុបនៃការវិនិយោគអាចឡើងដល់ជាង ១ពាន់លានដុល្លារ។

ប្រភពខាងលើបានឱ្យទៀតថា ក្រុមហ៊ុន Xiamen Hithium Energy Storage Technology ដែលក្រុមហ៊ុន startup ដែលកំពុងពង្រីកខ្លួននៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានទាក់ទងមន្ត្រី និងអ្នកគ្រប់គ្រងឧស្សាហកម្មក្នុងប្រទេសវៀតណាម ដើម្បីពិភាក្សាការវិនិយោគរហូតដល់ ៩០០ លានដុល្លារ ដើម្បីសាងសង់រោងចក្រលើផ្ទៃដីឧស្សាហកម្មជាង ៣០ហិកតា។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Growatt New Energy ដែលតាំងរោងចក្រផលិតមុនគេនៅប្រទេសវៀតណាម គ្រោងនឹងចំណាយប្រាក់ប្រហែល ៣០០លានដុល្លារបន្ថែមទៀត ដើម្បីសាងសង់រោងចក្រថ្មីមួយ នៅលើផ្ទៃដី ១៥ហិកតា។ ប៉ុន្តែទោះជាយ៉ាងណាក្ដី Growatt ដែលផលិតប្រព័ន្ធថ្ម និងឧបករណ៍ផ្ទុកថាមពល សម្រាប់ការប្រើប្រាស់លំនៅដ្ឋាន និងពាណិជ្ជកម្ម មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ៕

ប្រភព៖ vnexpress
អត្ថបទ៖ លីនី