ឯកឧត្ដមឃួង ស្រេង អំពាវនាវឱ្យប្រជាពលរដ្ឋគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ
អចលនទ្រព្យ June 7, 2023 Khmernote

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី០៦ ខែមិថុនា ម្សិលមិញនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ ។ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធនាគារ។

ការអំពាវនាវបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង១០០០ប័ណ្ណ នៅក្នុងបរិវេណ សាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាសមិទ្ឋផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជា អគ្គមគ្គុទ្ទេសដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋ និងកាត់បន្ថយបាននូវភាពក្រីក្ររបស់ពួកគាត់។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ បងប្អូនប្រជាពលរដ្ឋយើង មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធនាគារ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ កុំឱ្យមានបញ្ហា ពាក់ព័ន្ធបំណុលធនាគារ។ បំណុលធនាគារយកលុយមកចាយវាយមិនត្រឹមត្រូវ វានាំឱ្យមានបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលនេះ។ សម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចម្រើន ក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងថា៖ ពាក់ព័ន្ធនិងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមាន០៥សង្កាត់ ដោយមាន០២សង្កាត់ បានចុះបញ្ជីដីធ្លី និងចែកប័ណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា ។ សង្កាត់ពន្សាំង ជាសង្កាត់ ទី០៣ ដែលកំពុងដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ឋ ក្នុងចំណោម ២៤ភូមិ បានចែកប័ណ្ណ រួចហើយចំនួន ១១ភូមិ រួមទាំងភូមិចំបក់ធំ និងភូមិកន្លែងគល់ ដែលកំពុងប្រារព្ធពិធីនៅពេលនេះ ចំណែក ១៣ភូមិទៀត កំពុងដំណើរការនីតិវិធីចុះបញ្ជី ឈានទៅចែកប័ណ្ណកម្មសិទ្ឋិក្នុងពេល ឆាប់ៗនេះ។ រីឯ ០២សង្កាត់ទៀត គឺសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការ ចុះបញ្ជីក្នុងឆ្នាំ២០២៣ នេះដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន