សញ្ញាល្អ! ក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយទៀតរបស់ចិន ចាប់ចិត្តមកវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា
អាជីវកម្ម June 1, 2023 Khmernote

ក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. គឺជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្រុងក្វាងចូវ និងក្រុងហឺបុីយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានចំណាប់អារម្មណ៍ខ្ពស់ និងមានគោលបំណងស្វែងយល់កាលានុវត្តភាពវិនិយោគក្នុងវិស័យផលិតសំបកកង់យានយន្តនៅកម្ពុជា។

គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបសំដែងការរគួរសមនិងពិភាក្សាការងារ របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន WANLI TIRE CORPORATION LIMITED. មកពីសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Wang Song ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន កាលពីថ្ងៃទី៣០​​​​ ខែឧសភា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្ដម ជា វុទ្ធី បានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុន នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសកិច្ចសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ក៏បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុន ត្រូវធ្វើការសិក្សាសុីជម្រៅលើទីតាំងប៉ូលសេដ្ឋកិច្ច និងសក្តានុពលសំខាន់ៗរបស់កម្ពុជា ដើម្បីធ្វើការសម្រេចចិត្តវិនិយោគនៅកម្ពុជា។

ប្រតិភូក្រុមហ៊ុន Wanli Tire Corporation Limited. បានសម្តែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចនាពេលនេះ និងបានជម្រាបជូនថាព្រះរាជាណាចក្រកម្ពុជាគឺជាគោលដៅវិនិយោគដ៍មានសក្តានុពល និងមានភាពទាក់ទាញខ្ពស់ សម្រាប់ការសម្រេចចិត្តវិនិយោគនៅក្រៅប្រទេសរបស់ក្រុមហ៊ុន។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុននឹងចូលរួមចំណែកជំរុញទ្វេរឡើងនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ដែលជាកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ឱ្យកាន់តែមានភាពរីកចម្រើន និងសុីជម្រៅ៕

អត្ថបទ៖ លីនី