ក្រវាញខេត្តពោធិ៍សាត់ កំពុងមានតម្រូវការទីផ្សារខ្ពស់សម្រាប់យកមកបរិភោគ ហើយអាចឱ្យពលរដ្ឋរកចំណូលបានដល់ខ្ទង់ពាន់ដុល្លារនៅរដូវវស្សា
អាជីវកម្ម May 30, 2023 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រវាញជារុក្ខជាតិមួយប្រភេទដុះនៅតាមដងអូរ និងតំបន់ព្រៃភ្នំ។ នៅក្នុងប្រទេសកម្ពុជា ខេត្តដែលសម្បូរក្រវាញជាងគេគឺខេត្តពោធិ៍សាត់ និងមានបន្ទាប់បន្សំនៅ ខេត្តប៉ៃលិននិងខេត្តបាត់ដំបង។ រុក្ខជាតិនេះបានក្លាយជាបន្លែដ៏ពេញនិយមប្រចាំតំបន់ផងដែរ។

បច្ចុប្បន្ន ក្រវាញកំពុងល្បីល្បាញណាស់ ហើយអ្នកធ្លាប់បរិភោគក្រវាញតែងតែជាប់ចិត្តនឹងរសជាតិប្រហើរឆ្ងាញ់ និងហិរតិចៗរបស់វា។ រុក្ខជាតិដែលគេសក បកយកកណ្ដៀងបណ្ដូលខ្ចីទៅធ្វើអន្លក់ ឬអាចយកទៅឆាជាមួយសាច់សត្វគ្រប់ប្រភេទនេះត្រូវបានអ្នកក្រុង កុម្ម៉ុងទិញជាហូរហែពីខេត្តពោធិ៍សាត់។ ខណៈពេលតម្រូវការទីផ្សារកំពុងកើនឡើង សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ នៃតំបន់ការពារធម្មជាតិភ្នំសំកុស ស្ថិតក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កើតគម្រោងបណ្តុះក្រវាញដើម្បីយកទៅដាំតាមដងអូរ និងជួរភ្នំនៃតំបន់ស្នូលការពារធម្មជាតិភ្នំសំកុស។

កណ្តៀងបណ្ដូលខ្ចីក្រវាញ ត្រូវបានយកទៅប្រើប្រាស់ជាបន្លែដូចជាអន្លក់ ឬឆាជាមួយប្រេងខ្យង និងសាច់គោជាដើម។ ចំណែកឯ ផ្លែក្រវាញ ប្រើប្រាស់ជាថ្នាំបុរាណ គេក៏អាចប្រើប្រាស់ផ្លែក្រវាញ ធ្វើជាតែឆុងទទួលទានក្តៅៗ និងប្រើប្រាស់ជាគ្រឿងផ្សំក្នុងអាហារ។

លោក រស់ ជ័រ ប្រធាននាយកដ្ឋានជីវភាពសហគមន៍នៃក្រសួងបរិស្ថាន បានឱ្យដឹងថាសព្វថ្ងៃមានសហគមន៍ចំនួន១៣ សហគមន៍បានពង្រីកការដាំដុះរុក្ខជាតិនេះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ខណៈបច្ចុប្បន្ន កណ្តៀងក្រវាញក្នុងមួយគីឡូក្រាម មានតម្លៃចន្លោះពី១៥ ០០០ រៀល ទៅ២ម៉ឺនរៀល។ លោកបានបញ្ជាក់ថា ក្រវាញ ជាប្រភេទប្រទាលមួយបែប ដែលសហគមន៍ច្រើនប្រើប្រាស់ផ្លែវាសម្រាប់បញ្ចុះសម្ពាធឈាម បន្ថយស្ករក្នុងឈាម និងខ្លាញ់ សម្រួលការដកដង្ហើម សម្រកទម្ងន់ ជាដើម។ រុក្ខជាតិប្រភេទនេះ ដុះជាលក្ខណៈធម្មជាតិច្រើននៅក្នុងខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និង ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ប្រមាណ៣០ភាគរយ ទៅ៤០ភាគរយ តែងតែចេញទៅប្រមូលផលក្រវាញ នៅតាមជួរភ្នំ នៅរដូវវស្សា ក្នុងរយៈពេល២ ទៅ៣ខែ អាចរកចំណូលប្រមាណចាប់ពី ៣០០ដុល្លារ ទៅ៥០០ដុល្លារ។ ចំណែកអ្នកពូកែប្រមូលអាចរកចំណូលប្រមាណ ១០០០ ទៅ ១៥០០ ដុល្លារ។

ប្រជាពលរដ្ឋក្នុងតំបន់នេះបានឱ្យដឹងថា សម្រាប់ដើមក្រវាញខ្ចី មានតម្លៃចាប់ពីជាង១ម៉ឺនរៀលឡើងទៅ។ ចំណែកឯ ផ្លែក្រវាញមិនទាន់ស្ងួតលក់បាន១គីឡូ ១ម៉ឺនរៀល ខណៈផ្លែក្រវាញក្រៀមមានតម្លៃចាប់ពី៤ម៉ឺន ទៅ៥ម៉ឺនរៀល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រដែលកំពុងបំបែកផ្សាំពូជក្រវាញធម្មជាតិ ដើម្បីយកទៅដាំនៅតាមដងអូរ និងជួរភ្នំក្រវាញ កាលពីចុងខែមេសា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្រសួងបរិស្ថានបានជំរុញឱ្យគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» តាមរយៈរៀបចំសហគមន៍គោលដៅ ក្នុងការដាំក្រវាញ ដើម្បីកុំឱ្យបាត់ បង់អត្តសញ្ញាណ និងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាអនុក្រឹត្យតំបន់សេណេទិកប្រភេទរុក្ខជាតិក្រវាញនៅលើផ្ទៃដីទំហំជាង៥០០ហិកតា ដែលស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីធ្វើជាតំបន់មួយ ត្រូវថែរក្សា ការពារ និងអភិរក្សរុក្ខជាតិក្រវាញ»។

យោងតាមឯកសាររបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រវាញផ្តល់ផ្លែបានល្អ នៅអាយុ៤ឆ្នាំ ទៅ៥ឆ្នាំ និងបន្តផ្តល់ផ្លែរៀងរាល់ឆ្នាំរហូតដល់អាយុ៥០ឆ្នាំ។ តាមការសិក្សានានាបាន បង្ហាញថា ការដាំក្រវាញបានត្រឹមត្រូវតាមបច្ចេកទេសក្រវាញអាចផ្តល់ផ្លែបានច្រើន។ ចំណែក កណ្តៀងរបស់វា អាចប្រមូលផលបានច្រើននៅក្នុងរដូវវស្សា៕

ប្រភព៖ ក្រសួងព័ត៌មាន