ក្រុមហ៊ុនផលិតយន្ដហោះដឹកអ្នកដំណើរដ៏ធំមួយរបស់សហរដ្ឋអាមេរិក Boeing គ្រោងនឹងបង្កើនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសវៀតណាមសម្រាប់ការផលិតគ្រឿងបន្លាស់យន្តហោះ និងឧបករណ៍ផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។
លោក Steve Biegun អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសាធារណៈពិភពលោកបានពិភាក្សា អំពីផែនការពង្រីកនេះ ជាមួយលោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម នៅខាងក្រៅក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកកាលពីថ្ងៃទី២៦ ឧសភា។
នាពេលនោះ លោក Dien បានអំពាវនាវឱ្យក្រុមហ៊ុន Boeing បង្កើនល្បឿនបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យានៅវៀតណាម។ លោកបានធានាថា ប្រទេសវៀតណាមមានក្រុមហ៊ុនផលិតគ្រឿងយន្ត ដែលជាដៃគូដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន Boeing ហើយក្រសួងរបស់លោកនឹងផ្តល់ការគាំទ្រសម្រាប់ពួកគេក្នុងការតភ្ជាប់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Boeing មានវត្តមាននៅក្នុងប្រទេសវៀតណាមតាំងពីឆ្នាំ១៩៩៥ ហើយបានរួមចំណែកដល់ឧស្សាហកម្មក្នុងស្រុកដោយផ្តល់ជំនួយបច្ចេកទេសសម្រាប់វិស័យការពារជាតិ និងអាកាសចរណ៍ពាណិជ្ជកម្ម ព្រមទាំងជួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្នុងការទទួលបានអាជ្ញាប័ណ្ណហោះហើរ non-stop ពីទីក្រុងហូជីមិញទៅកាន់ទីក្រុង San Francisco សហរដ្ឋអាមេរិក៕
អត្ថបទ៖ លីនី
ប្រភព៖ vnexpress