ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជំរុញឱ្យមន្ត្រីបច្ចេកទេសវារីវប្បកម្ម រៀបចំភ្ញាស់កូនត្រី ពូជឱ្យបានច្រើនប្រភេទ ដើម្បីចែកចាយទៅកសិករចិញ្ចឹមត្រី ធ្វើការពង្រីកវារីវប្បកម្មលក្ខណៈគ្រួសារ ដើម្បីឈានទៅ រួមគ្នាកាត់បន្ថយការធ្វើនេសាទត្រីធម្មជាតិ នៅតាមទន្លេមេគង្គ ឱ្យមកនៅកម្រិតទាប។
ក្នុងឱកាសចុះពិនិត្យ មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើ នៅចំណុចអូរខ្លុង ភូមិ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងកន្លងមកថ្មីៗនេះ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និង នេសាទមានប្រសាសន៍ថា៖ នេះជាការផ្ទេរចំណេះដឹងដ៍មានអាទិភាពជូនទៅប្រជាកសិករ ដើម្បីឱ្យពួកគាត់មានបច្ចេកទេសចិញ្ចឹមត្រី និងបានរួមគ្នាងាកមកចូលរួមអភិរក្សធនធានមច្ឆជាតិនៅតាមដងទន្លរមេគង្គលើ ឱ្យវាសម្បូរបែបព្រោះនៅប៉ែកខាងលើនេះ ជាតំបន់សំបុកត្រីពងកូន។
ឯកឧត្តមមានប្រសាសន៍បន្តថា៖ជាមួយគ្នានេះមន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជវារីសត្វ ត្រូវបង្កើនការផលិតកូនត្រីពូជ តម្រូវការទីផ្សារផ្សេងៗបន្ថែមទៀត ដើម្បីឈានទៅរៀបចំមច្ឆវប្បករជាប្រព័ន្ធ ហើយអនុវត្តឱ្យទទួលបានទិន្នផលខ្ពស់យកទៅផ្គត់ផ្គង់នៅទីផ្សារ។
សំឡេង៖”ចិញ្ចឹមត្រីមួយចំនួនខ្ញុំនឹងបោះទុនឲ្យសាកមើលតែម្ដង ឥឡូវខ្ញុំដោះ ស្រា យវគ្គនហ្នឹងមួយឲ្យ ថាធ្វើការវិនិយោគធ្វើការចិញ្ចឹមត្រីសាកមើល តើអាចលក់ចេញទៅវិញដាច់ឬអត់ បើដាច់អាហ្នឹង ចាំរៀប ចំជា ប្រព័ន្ធយ៉ាងម៉េចដើម្បីអាច ធ្វើការចិញ្ចឹមត្រីហ្នឹងបាន ហើយជម្រើសទី៣ធ្វើការវិនិយោគ ជាមួយដៃគូឯកជនតែម្ដង “។
ឯកឧត្តមស្វាយសំអ៊ាងអភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖នេះជាយុទ្ធវិធីជំរុញឱ្យផ្នែកវារីវប្បកម្ម កាន់តែមានកាលានុវត្តភាព ឈានទៅទទួលបានជោគជ័យ ព្រោះនៅខេត្តស្ទឹងត្រែង យើងមានទីតាំងវារីវប្បកម្មទំនើបប្រកបដោយស្តង់ដារ ដែលបានផ្តល់លទ្ធភាពគ្រប់គ្រាន់សម្រាប់មន្ត្រីជំនាញ ប្រើប្រាស់បច្ចេកទេសរបស់ខ្លួន ធ្វើឱ្យសម្រេចគោលដៅដែលចង់បាន។
លោកប៊ុនរ៉ា ស៊ីប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្កលើស្ទឹងត្រែងបានបញ្ជាក់ថា៖ កន្លងមកមន្ត្រីជំនាញចិញ្ចឹមត្រីមេពូជបានចំនួនជាង១០ប្រភេទហើយ ក្នុងនោះរួមមាន៖ ត្រីអណ្តែងអាហ្វ្រិក -ត្រីខ្យា-ត្រីទីឡាព្យា-ត្រីអណ្តែងទន់-ត្រីប្រា-ត្រីពោធិ-ត្រីកែ-ត្រីព្រលូង-ត្រីឆ្ពិន-ត្រីក្រាញ់-និងត្រីកាហែ។
លោកបន្តថា៖ បច្ចុប្បន្នក្នុងចំណោមត្រី ជាង១០ប្រភេទនេះមានត្រី២ប្រភេទ ដូចជាត្រីអណ្តែង និង ត្រីទីឡាព្យាកំពុងដំណើរការលក់ចេញជូនកសិករចិញ្ចឹមត្រីនៅក្នុងខេត្ត និងទៅតាមបណ្តាខេត្តផ្សេងៗទៀតបានតាមតម្រូវការ ។
សូមបញ្ចាក់ថា៖នៅមជ្ឈមណ្ឌលវារីវប្បកម្មស្ទឹងត្រែង មានស្រះចំនួន២៤ ក្នុងនោះស្រះស្តុកត្រីមេពូជធំចំនួន ១-ស្រះកូនត្រី១២-ស្រះត្រីមេពូជចំនួន៦ ស្រះបំប៉នត្រីសាច់ចំនួន៤ និងស្រះចម្រោះទឹកកខ្វក់ចំនួន១ ហើយ ឯកឧត្តមរដ្ឋមន្ត្រី នឹងផ្តល់ថវិកា ចំនួន១ម៉ឺនដុល្លារ ដើម្បីបង្កើនលទ្ធភាពឱ្យមន្ត្រីមជ្ឈមណ្ឌលភ្ញាស់កូនត្រីពូជឱ្យបានច្រើនប្រភេទ៕
ប្រភព៖ ក្រសួងព័ត៌មាន