នៅខែកក្កដា​ខាងមុខនេះ យីហោធំលំដាប់ពិភពលោក Toyota និង CHANEL អាចនឹងចាប់ផ្ដើមដំណើរការផលិតនៅកម្ពុជា
អាជីវកម្ម May 26, 2023 Khmernote

យីហោធំលំដាប់ពិភពលោកចំនួន ២ រួមមាន យីហោ Toyota និង CHANEL អាចនឹងចាប់ផ្ដើមដំណើរការផលិតនៅក្នុងរោងចក្ររបស់ខ្លួនដែលវិនិយោគនៅកម្ពុជា នាខែកក្កដា ​ឆ្នាំ២០២៣ ឆាប់ៗនេះ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅខែកក្កដា ខាងមុខនេះ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សាងសង់រួចរាល់ ហើយអាចនឹងចាប់ផ្ដើមដំឡើងរថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចនេះ។ ទន្ទឹមនឹងនេះដែរ យោងតាមការរាយការណ៍របស់អ្នកឧកញ៉ា គិត ម៉េង ជូនសម្ដេចតេជោ បានឱ្យដឹងថា រោងចក្ររបស់យីហោ CHANEL ក៏នឹងចាប់ផ្ដើមដំណើរការផលិតផងដែរ ដោយសម្រាប់យីហោដ៏ធំមួយនេះ មានរោងចក្រ ផលិតគ្រឿងអលង្ការ និងច្នៃពេជ្រ។

សូមបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនថ្មីមួយត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Toyota Tsusho Corporation មកពីប្រទេសជប៉ុន បានសម្រេចជ្រើសរើសយក តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាទីតាំងនៃរោងចក្រ ផ្គុំនិងដំឡើងរថយន្តម៉ាក តូយ៉ូតា៕

អត្ថបទ៖ លីនី